ភ្នំពេញ៖ មេរោគកូវីដ១៩ បំប្លែងថ្មី B.1.617.2 ឬហៅថា ដែលតា (Delta) ត្រូវបានរកឃើញចំនួន ៣៩ករណីបន្ថែមទៀតគិតពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ ដោយក្នុងនោះ ២១ករណី ជាអ្នកដំណើរមកពីប្រទេសថៃ, ៤នាក់ ជាបុគ្គលិកសុខាភិបាល, ប្រជាពលរដ្ឋក្នុងសហគមន៍ដែលប៉ះពាល់ផ្ទាល់ចំនួន ៦នាក់ និងប្រជាពលរដ្ឋក្នុងសហគមន៍មិនប៉ះពាល់ផ្ទាល់ចំនួន ៨នាក់ ។ នេះបើយោងតាមក្រសួងសុខាភិបាលដែលបានចេញសេចក្តីប្រកាសនៅថ្ងៃទីនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ ។
ក្រសួងសុខាភិបាលបានឲ្យដឹងថា គិតចាប់ពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី២៥ ខែកក្កដា កម្ពុជា រកឃើញអ្នកមានវិជ្ជមានមេរោគកូវីដ១៩ បំប្លែងថ្មី Delta ចំនួន ១១៤នាក់ហើយ ក្នុងនោះមានស្ត្រី ៥៩នាក់ ។ មេរោគបំប្លែងថ្មី Deltaនេះ ជាមេរោគមួយដែលកំពុងឆ្លងរីករាលដាលយ៉ាងខ្លាំងនៅលើពិភពលោក ហើយក៏កំពុងបង្កការព្រួយបារម្ភខ្លាំងផងដែរ ដោយសារមេរោគនេះឆ្លងលឿន ហើយបង្កបញ្ហាដល់សុខភាពធ្ងន់ធ្ងរ ។
ពាក់ព័ន្ធនឹងបញ្ហានេះលោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានក្រើនរំលឹកហើយរំលឹកទៀត និងអំពាវនាវដោយទទូចដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា ឱ្យបន្តប្រុងប្រយ័ត្នខ្ពស់ ការពារខ្លួនកុំភ្លេចខ្លួនឱ្យសោះ ដោយត្រូវចេះផ្លាស់ប្ដូរទម្លាប់រស់នៅរបស់ខ្លួនឱ្យស្របតាមពាក្យស្លោកដែលថា «រៀនរស់នៅធម្មតាជាមួយវីរុសកូវីដ-១៩ តាមបែបគន្លងថ្មី ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ១៩» សំដៅបង្ការ គ្រប់គ្រង និងកាត់ ផ្តាច់នូវខ្សែចម្លងនៃវីរុសកូវីដ-១៩ ជាពិសេសពពួកប្រភេទបំប្លែងថ្មីនេះ ឬក៏ប្រភេទថ្មីផ្សេងទៀតដែលអាចកើតមានក្នុង ព្រះរាជាណាចក្រកម្ពុជាយើងដោយប្រការណាមួយ ៕