ភ្នំពេញ ៖ មិត្តភក្តិរបស់បុរសជាកងរាជអាវុធហត្ថម្នាក់ឃើញស្រីស្នេហ៍មិត្តរបស់ខ្លួនមានសង្សាថ្មីមកជួប លេង ដល់កន្លែងផ្ទុះកំហឹងជំនួសទាញកាំភ្លើងបាញ់គំរាមចំនួន២គ្រាប់បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩យប់ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅភូមិសាមគ្គី១ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ស្ត្រីខាងលើនេះឈ្មោះ សាក់ ស្រីពេជ្រ ភេទស្រី អាយុ២១ឆ្នាំ មុខរបរជាងអ៊ុតសក់ ស្នាក់នៅភូមិសាមគ្គី១ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ចំណែកបុរសដែលបាញ់២គ្រាប់នោះមានឈ្មោះ សុខ ចាន់អ៊ិន ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរអាវុធហត្ថស្នាក់នៅភូមិគ្រឹះមួយកន្លែង ស្ថិតនៅសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។
ស្រ្តីរូបនេះបានជម្រាបថា បុរសជនបង្កត្រូវជាសង្សារចាស់របស់នាង ដែលបានស្រលាញ់គ្នាអស់រយៈពេលជិត៣ឆ្នាំមកហើយ ។ ហើយនៅមុនពេលកើតហេតុ បុរសជាសង្សារចាស់រូបនេះ បាននាំគាត់ទៅហូបអាហារនៅភូមិគ្រឹះមួយកន្លែង ស្ថិតនៅក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។ បន្ទាប់ពីហូបអាហាររួចហើយបានវិលត្រឡប់មកវិញប៉ុន្តែសង្សារចាស់រូបនេះតាមរករឿងដល់ផ្ទះជួល ដោយសារតែឃើញស្ត្រីរូបនេះដែលជាសង្សាររបស់ខ្លួនមានសង្សារថ្មីបើករថយន្តមួយគ្រឿងមកលេងនៅផ្ទះជួលរបស់គាត់ ធ្វើឲ្យបុរសជាសង្សារចាស់រករឿងហៅនារីរងគ្រោះចេញមកខាងក្រៅហើយគំរាមបាញ់សម្លាប់ ទើបរូបគាត់និងសង្សារថ្មីភ័យមិនហ៊ានចេញពីខាងក្នុងផ្ទះទេ ។ ខណៈនោះសង្សារចាស់រូបនេះបានហៅមិត្តភ័ក្ដិ២នាក់ទៀតមកដល់បាញ់២គ្រាប់គំរាមផ្អើលប្រជាពលរដ្ឋ និងសង្សារថ្មីគាត់ភ័យ ក៏បានទៅប្តឹងសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់ភ្លាមៗតែម្តង ។
ស្រ្តីរូបនេះបានអះអាងថា ដោយសាររូបនាងទាក់ទងសង្សារថ្មី ព្រោះតែបុរសជាសង្សារចាស់រូបនេះមិនត្រឹមតែមានរូបគាត់ជាសង្សារមួយនោះទេ ថែមទាំងលួចមានស្រីផ្សេងទៀតរាប់មិនអស់ធ្វើឲ្យនារីជាសង្សារចាស់សម្រេចចិត្តសុំបែកគ្នា តែបុរសសង្សារចាស់រូបនេះមិនព្រមទេ ។
ចំណែកឯបុរសជាមន្ត្រីអាវុធហត្ថរូបនោះបានអះអាងថា នារីរូបនេះគឺជាប្រពន្ធរបស់គាត់ ព្រោះគាត់តែងតែផ្គត់ផ្គង់លុយកាក់អស់ជាច្រើនមកហើយ ដោយសារគាត់ស្រលាញ់ទុកជាអនាគត។នៅវេលា ម៉ោង៤ល្ងាច មុនពេលកើតហេតុ រូបគាត់បាននាំជនរងគ្រោះមកហូបអាហារនៅទីតាំងកន្លែងរបស់គាត់រហូតដល់ពេលយប់ ហើយកំពុងតែរស់នៅជាមួយគ្នាក៏ស្រាប់តែមានគេឆាតហៅមកផ្ទះឲ្យប្រញាប់ ។ លុះពេលដែលស្ត្រីជាសង្សាររបស់គាត់ត្រឡប់មកផ្ទះជួលភ្លាមៗ រូបគាត់បានតាមមកដល់បន្ទប់ជួលដែរ ស្រាប់តែឃើញមានរថយន្តមួយគ្រឿងបើកមកឈប់នៅខាងមុខផ្ទះជួលរបស់នាង ។ ពេលគ្រានោះគាត់បានស្រែកពីខាងក្រៅសួរ នៅពេលនោះជនរងគ្រោះចេញមកជួបគាត់បានបន្តិចរួចទាញទ្វារបិទធ្វើឲ្យគាត់ដឹងថាគេមានសង្សារថ្មី ។ ភ្លាមៗនោះគាត់បានទាក់ទងទៅហៅមិត្តភ័ក្តិគាត់២នាក់ទៀតដើម្បីមកកន្លែងកើតហេតុ ។ ខណៈដែលមិត្តភ័ក្ដិមកដល់ដោយសារតែខឹងជំនួសគាត់ពេក ទើបបានបាញ់ចំនួន២គ្រាប់រួចហើយគេចខ្លួនបាត់អស់ ចំណែកគាត់វិញរង់ចាំសមត្ថកិច្ចមកដល់ ដើម្បីជួយដោះស្រាយរឿងរបស់គាត់ ។
ពាក់ព័ន្ធករណីនេះកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍បានមកដល់ចំណុចកើតហេតុនិងបានធ្វើការសួរនាំ រួចឃាត់បុរសសង្សារចាស់ខាងលើ យកទៅសាកសួរនៅប៉ុស្តិ៍នគរបាលភ្លាមៗ តែដោយសារបុរសរូបនេះជាកម្លាំងអាវុធហត្ថ ទើបសមត្ថកិច្ចនគរបាលប៉ុស្តិ៍ រង់ចាំប្រគល់ឲ្យខាងអាវុធហត្ថខណ្ឌពោធិ៍សែនជ័យវិញដើម្បីចាត់ការតាមនីតិវិធី ៕