ភ្នំពេញ៖ តាមការសិក្សាថ្មីមួយបានបង្ហាញថា ក្រៅពីមេរោគ បាក់តេរី ប៉ារ៉ាស៊ីត ក្នុងនោះវីរុសសកូវីដ១៩ អាចមានវត្តមាននៅក្នុងចំណីអាហារដែលកខ្វក់ និងមិនស្អាត ក្រសួងសុខាភិបាលបានចេញសេចក្តីណែនាំ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ជាពិសេសលើចំណីអាហារដែលទិញមកទីផ្សារមកបរិភោគជារៀងរាល់ថ្ងៃ ។ នេះបើយោងតាមចេញដោយក្រសួងសុខាភិបាល នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ ស្តីអំពីការបង្ការបញ្ហាសុខភាពបណ្តាលមកពីចមណអាហារ និងចំណីអាហារកកក្នុងបរិបទនៃការរាតត្បាតជំងឺកូវីដ-១៩ ។
ទន្ទឹមនឹងនេះក្រសួង បានណែនាំឲ្យអនុវត្តនូវវិធី៥យ៉ាង ដើម្បីការពារ និងបញ្ចៀសនូវការឆ្លងជំងឺទាំងនោះបាន៖
១.ការក្សាអនម័យដោយត្រូវលាងសំអាតដៃឲ្យបានញឹកញាប់ ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុល ឬជេល លាងសំអាតដៃ មុននិងក្រោយ ចាប់កាន់ចំណីអាហារ ម្ហូបអាហារកក សាច់កក អាហារស្រស់ បន្លែផ្លែឈើជាដើម ។ ជូតសំអាតវត្ថុ និងផ្ទៃនានា ដែលសង្ស័យថាមានប្រឡាក់ ឲ្យបានស្អាតជានិច្ច ជាមួយសាប៊ូ និងទឹកស្អាត ។
២. ទុកដាក់អាហារដែលឆ្អិន និងឆៅ ឲ្យនៅដាច់ដោយឡែកពីគ្នា
៣.ចម្អិនអាហារឲ្យបានឆ្អិនល្អ ជាពិសេសសាច់ សត្វស្លាប ស៊ុត អាហារសមុទ្រ និងអាហារដែលយកចេញពីការបង្កក ចៀសវាងការចម្លងវីរុស ឬមេរោគជាយថាហេតុ ។
៤.មិនត្រូវរក្សាអាហារជាច្រើនថ្ងៃ ទោះជាស្ថិតនៅកម្រិតសីតុណ្ហភាពសុវត្ថិភាពក៏ដោយ
• បើយើងរក្សាអាហារក្នុងប្រព័ន្ធត្រជាក់ គឺត្រូវឲ្យនៅក្រោមសីតុណ្ហភាព៥អង្សាសេ ។
• បើយើងរក្សាអាហារក្នុងប្រព័ន្ធកំដៅ ត្រូវឲ្យលើសពីសីតុណ្ហភាព ៦០អង្សាសេ ។
៥. ប្រើប្រាសទឹក និងវត្ថុធាតុដើមដែលមានសុវត្ថិភាព ។
បន្ថែមពីនេះ ក្រសួងសុខាភិបាលក៏បានក្រើនរំឭក ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសយុវវ័យ សូមបន្តការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ការពារខ្លួនជានិច្ច កុំភ្លេចខ្លួនឲ្យសោះ ត្រូវចេះផ្លាស់ប្តូរទម្លាប់រស់នៅរបស់ខ្លួន ឲ្យស្របតាមការ រៀនរស់នៅជាមួយវត្តមានវីរុសកូវីដ១៩ និងបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣កុំ និង ៣ការពារ ៕