ភ្នំពេញ៖ កម្លាំងសមត្តកិច្ចនគរបាលមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ នេះ បានបញ្ជូនឈ្មួញគ្រឿងញៀន២ នាក់រួមទាំងវត្ថុតាង ថ្នាំញៀនប្រមាណ៥០គីឡូក្រាមទៅកាន់សលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ស្តីពីអំពើជួញដូរគ្រឿងញៀន ។
ប្រតិបត្តិការបង្រាបជនសង្ស័យខាងលើ កាលពីថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១០ និង ៣៥ នាទី សមត្ថកិច្ចនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក១)ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរ និងលោកវរសេនីយ៍ទោ ហុង វណ្ណារិទ្ធ នាយការិយាល័យទី១ហៅថា (ក១) សហការជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលដោយ លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះស្រាវជ្រាវ និងឈានទៅដល់ការបង្ក្រាបក្រុមឧក្រិដ្ឋជនជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅ៤ចំណុចផ្សេងគ្នាជាបន្តបន្ទាប់ ។
ចំណុចទី១ នៅ ផ្លូវលំ សង្កាត់ទួលសង្កែរ១ ខណ្ឌឬស្សីកែវ ចំណុចទី២ នៅ អតីតរោងចក្រទឹកដោះគោ លើផ្លូវជាតិលេខ៥ សង្កាត់ទួលសង្កែរ១ ខណ្ឌឬស្សីកែវ ចំណុចទី៣ នៅផ្ទះជួលលេខ១៣២៩ ផ្លូវ១០៣ ភូមិទួលថ្លាន់ សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ និងចំណុចទី៤ នៅផ្ទះដេ២ ផ្លូវបេតុង ភូមិក្រាំងធ្នង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសសែនសុខ រាជធានីភ្នំពេញ ។
ជាលទ្ធផល ឃាត់ខ្លួន ជនសង្ស័យ ២នាក់ ក្នុងនោះមានម្នាក់ឈ្មោះ សាន ពិសិដ្ឋ ភេទប្រុស អាយុ៣៧ ឆ្នាំ និងម្នាក់ឈ្មោះ សុខ ពន្លក ភេទប្រុស អាយុ៣០ ឆ្នាំ ។ ករណីបង្ក្រាបបទល្មើសជាក់ស្តែងនោះសមត្តកិច្ចចាប់យកវត្ថុតាង សារធាតុញៀនសរុប៥០ គីឡូ ២៨៦,៦៦ ក្រាម ក្នុងនោះមាន ជាសារធាតុប្រភេទថ្នាំមេតំហ្វេតាមីន(ICE) ៣០កញ្ចប់ធំ ៤កញ្ចប់តូច ស្មើទម្ងន់ ៣០គីឡូ ៣៤០ក្រាម, សារធាតុប្រភេទថ្នាំកេតាមីន(Ketamine) ២០កញ្ចប់ធំ ស្មើទម្ងន់ ១៩គីឡូ ៩៤៦,៦៦ក្រាម , ទូរស័ព្ទ ៣គ្រឿង, ម៉ូតូ ១គ្រឿង និង៥.រថយន្ត ១គ្រឿង ។
សូមជម្រាបថា ប្រតិបត្តិការខាងលើនេះ អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ពីសំណាក់លោកឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។