ភ្នំពេញ៖ អ្នកលេងបណ្ដាញសង្គមនាំគ្នាផ្ទុះការចាប់អារម្មណ៍នូវរូបភាពជាច្រើនសន្លឹក ដែលបង្ហាញពីសកម្មភាពរបសលោកតាវ័យចំណាស់មួយរូប ដែលមានអាយុជិត ៨០ ឆ្នាំទៅហើយនៅតែតស៊ូអង្គុយហាលខ្យល់ហាលភ្លៀងជាមួយជញ្ជីងមួយគ្រឿង ដើម្បីរកម៉ូយថ្លឹងគីឡូរកប្រាក់ចិញ្ចឹមជីវិត និងគ្រួសារ ធ្វើឲ្យមហាជនអាណិតអាសូរស្ទើរតែទប់ទឹកភ្នែកមិនបាន ។
បើតាមគណនីហ្វេសបុកឈ្មោះ Pek Reak បានបង្ហោះរូបភាព និងសារថា លោកតារូបនេះមានអាយុ ៧៨ ឆ្នាំ គាត់តស៊ូអង្គុយនៅសួនមួយកន្លែង នាក្រុងបាត់ដំបងចាប់ពីម៉ោង៥ ល្ងាច និងត្រឡប់ទៅផ្ទះរបស់គាត់វិញនៅម៉ោង ៧ និង ៣០នាទី ។ លោកតាមានជញ្ជីងមួយគ្រឿងនៅពីមុខចាំទទួលភ្ញៀវដែលបានដើរទៅកម្សាន្តនៅសួននោះដើម្បីថ្លឹងទម្ងន់ និងជូនកម្រៃខ្លះទៅកាន់លោកតាចំណាស់រូបនេះ ដោយសារតែលោកមានជីវភាពខ្វះខាតខ្លាំង មួយថ្ងៃរកតែថ្លៃបាយស្ទើរតែមិនគ្រប់ផង ។
ទិដ្ឋភាពកម្សត់របស់លោកតាពិតជាបានអង្រួនដល់ដួងចិត្តមហាជនមិនតិចនោះទេឲ្យរំជួលចិត្តអាណិត អាសូរលោកតារហូតមានមហាជនមួយចំនួន ចង់ទៅស្គាល់លោកតាជួយថ្លឹងគីឡូនិងជូនកម្រៃមួយចំនួនទៅកាន់លោកតា ដើម្បីជួយសម្រាលបន្ទុកគ្រាន់បានមួយគ្រា ។ បើទោះបីយ៉ាងណាក្តីបន្ទាប់ពី បានឃើញនូវភាពអំណត់តស៊ូរបស់លោកតា និងឃើញស្ថានភាពចាស់ជរារបស់លោកតានេះហើយ សង្ឃឹមថាសប្បុរសជនមិនមើលតែនឹងភ្នែកនោះឡើយ ៕