ឥណ្ឌូនេស៊ី៖ វីដេអូចែករំលែកនៅក្នុងបណ្តាញសង្គមមួយនៅក្នុងប្រទេសឥណ្ឌូនេស៊ីបញ្ជាក់ថាទឹកដោះគោ និងទឹកដូងអាចជួយទប់ស្កាត់ជំងឺកូវីដ-១៩ បានធ្វើឲ្យល្បីសុះសាយខ្លាំងក្នុងប្រទេសឥណ្ឌូនេស៊ី ខណៈដែលប្រទេសអាស៊ីមួយនេះកំពុងទទួលរងនូវឥទ្ធិពលនៃជំងឺកូវីដ-១៩នេះខ្លាំងរហូតរកកន្លែង បញ្ចុះសពគ្មានទៅហើយ ។
បន្ទាប់ពីបានឃើញនូវសារនេះភ្លាមប្រជាពលរដ្ឋឥណ្ឌូនេស៊ីមួយចំនួននាំគ្នាផ្អើលសម្រុកទៅទិញ ដូងយកមកទទួលទានច្រើននាំឲ្យតម្លៃដូងនៅលើទីផ្សារមានការហក់ឡើងថ្ងៃខ្ពស់ ស្រពពេលដែលអ្នកជំនាញបានបង្ហាញការព្រួយបារម្ភចំពោះផលប៉ះពាល់ដែលអាចកើតមានឡើង នៃការទទួលទានភេសជ្ជៈទាំងនេះ ក៏ដូចជាប្រជាជន លែងប្រុងប្រយ័ត្នចំពោះសុខភាពខ្លួនឯង ដោយហេតុថា ពួកគេជឿលើ ទឹកដូង និង ទឹកដោះគោ អាចការពារ និង ព្យាលបាលជំងឺកូវីដ-១៩ បានពិតប្រាកដមែន ។
សូមជម្រាបថា បើតាមក្រសួងសុខាភិបាលនៃប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃចន្ទបានប្រកាសរកឃើញអ្នកស្លាប់ថ្មីដោយសារកូវីដ១៩ រហូតដល់ ១,៣៣៨នាក់ក្នុងមួយថ្ងៃ ដែលជាតួលេខខ្ពស់បំផុតមិនធ្លាប់មាន។ នៅថ្ងៃជាមួយគ្នានេះឥណ្ឌូនេសក៏បានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន ៣៤,២៥៧ករណីផងដែរ ។ ចំពោះករណីឆ្លងសរុបនៅទូទាំងប្រទេសកើនដល់ ២,៩១១,៧៣៣ករណី ខណៈអ្នកស្លាប់មានចំនួន ៧៤,៩២០នាក់ ៕