ខេត្ត ព្រះសីហនុ គឺជា ខេត្ត តំបន់ឆ្នេរ មួយ មាន ការអភិវឌ្ឍ លើ គ្រប់ វិស័យ ខណៈនៅប៉ុន្មានឆ្នាំចុងក្រោយនេះ បានកែប្រែមុខមាត់ថ្មីក្នុងរយៈពេលដ៏ខ្លី ក្លាយជាទីក្រុងដែលមានការចំរើនខ្លាំង ទាំង ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ភ្លើង បំភ្លឺ ផ្លូវ និង សំណង់ អគារ ពាណិជ្ជកម្មតូច ធំ ក៏ដូចជា តាម តំបន់ ទេសចរណ៍ នានាបង្ហាញពីសម្រស់ និងសក្តានុពលសេដ្ឋកិច្ច។
អ្នកជំនួញអចលនទ្រព្យ និងជាអគ្គនាយកបុរី ឡេង និមល លោកឧកញ៉ា ឡេង និមល បានបង្ហាញការចាប់អារម្មណ៍ក្រោយឃើញការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ជាមួយនឹងទេសភាពស្អាតអស្ចារ្យក្នុង “ខេត្តព្រះសីហនុ”។
លោកឧកញ៉ាមានប្រសាសន៍ថា៖ « ខេត្តព្រះសីហនុ ជាខេត្តមួយដែលមានសក្តានុពលទេសចរណ៍ដ៏វិសេសវិសាល នឹងធនធានសេដ្ឋកិច្ចខៀវ ប្រកបដោយចីរភាព សមភាព ភាពធន់ និងធម្មជាតិពិតៗ ជាពិសេស កោះ ឆ្នេរ សមុទ្រ ធនធានបាតសមុទ្រ ព្រមទាំងកំពង់ផែទេសចរណ៍ដែលជាគោលដៅ សេដ្ឋកិច្ច ធុរៈកិច្ច និងលំហែកាយវិស្សមកាល រួមទាំងជាគោលដៅទីក្រុងទេសចរណ៍ទំនើបនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន និងទៅអនាគត»។
ជាមួយ គ្នា នេះ ខេត្ត ព្រះសីហនុ ក៏ ទទួលបាន គម្រោង វិនិយោគ លើ វិស័យ សេវាកម្ម ទេសចរណ៍ និង សណ្ឋាគារ ចំនួន ៦០ ដោយមាន ទុនវិនិយោគ សរុប ជាង ១០,៧៤ ពាន់ លាន ដុល្លារ គិត មកដល់ ពេល នេះ ។ បើតាមការបញ្ជាក់របស់អភិវបាលខេត្តព្រះសីហុន លោក គួច ចំរើន នាពេលកន្លងទៅ។
នាយក រដ្ឋមន្ដ្រី សម្តេចតេជោ ហ៊ុន សែន ធ្លាប់បាន ថ្លែង ក្នុង ពិធី ជួប សំណេះសំណាល ជាមួយ មន្ដ្រីរាជការ និង ក្រុមការងារ បច្ចេកទេស ស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធ ក្នុង ខេត្ដ-ក្រុងព្រះសីហនុ កាលពី ដើមខែ មិថុនា ឆ្នាំមុន ថា « តាមរយៈ ការអភិវឌ្ឍ ខេត្ដ នេះ ជា ទីក្រុង ទំនើប ជាមួយ រមណីយដ្ឋាន ឆ្នេរសមុទ្រ ដែល ស្អាត បំផុត លើ សកលលោក និង ជា តំបន់ សេដ្ឋកិច្ច ពិសេស គំរូ ពហុ បំណង ដែល នឹង ទាក់ទាញ ទេសចរ និង ការវិនិយោគ ថ្មីៗ បន្ថែមទៀត ពី បរទេស ខេត្ដ នេះ ក៏ នឹង បម្រើ ដល់ ការរស់នៅ ដ៏ល្អប្រសើរ សម្រាប់ ប្រជាពលរដ្ឋ ខ្មែរ ផងដែរ »។
គួររម្លឹកថា ខេត្តព្រះសីហនុ ជាប៉ូលសេដ្ឋកិច្ចមួយ ក្នុងចំណោមប៉ូលសេដ្ឋកិច្ទទាំងបី ក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទីបី របស់រាជរដ្ឋាភិបាលកម្ពុជា និងត្រូវបានកំណត់គោលដៅ ជាតំបន់សេដ្ឋកិច្ចពិេសស ពហុបំណង នៅក្នុងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ឆ្នាំ២០១៥-២០២៥ ដោយសារខេត្តមានសក្តានុពលលើវិស័យទេសចរណ៍ ឧស្សាហកម្ម និងពាណិជ្ជកម្ម៕