រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចផ្អាកជាបណ្តោះអាសន្នសម្រាប់ការធ្វើដំណើរចេញ-ចូលឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាម ចាប់ពីថ្ងៃទី ១៨ កក្កដា ២០២១ នេះតទៅ។ នេះបើតាមលិខិតផ្លូវការ ដែលក្រសួងការបរទេសផ្ញើជូនឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ។
ប្រភពខាងលើនេះបានឲ្យដឹងបន្តថា ការផ្អាកការធ្វើដំណើរចេញ-ចូលឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាមរបស់កម្មករជំនាញ អ្នកបច្ចេកទេស បុគ្គលិក ក្រុមហ៊ុននានារបស់វៀតណាម រយៈពេល១ខែ ដោយអនុវត្តចាប់ពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ ខាងមុខនេះតទៅ លើកលែងតែអ្នកជំងឺដែលត្រូវទៅព្យាបាលនៅវៀតណាម អ្នកការទូត មន្ត្រីរាជការ ដែលមានបេសកកម្មតាមការអញ្ជើញរបស់អាជ្ញាធរនៃប្រទេសទាំងពីរ រួមទាំងនិស្សិត សិក្ខាកាម ដែលបានបញ្ចប់វគ្គសិក្សា ឬករណ៏មានការអនុញ្ញាតពិសេសពីរាជរដ្ឋាភិបាល ។
សម្រាប់បុគ្គលិក និងកម្មករជំនាញរបស់ក្រុមហ៊ុនវៀតណាម ដែលបានចូលមកកម្ពុជារួច ហើយ ទាំងអ្នកដែលបានធ្វើចត្តាឡីស័ករួច និងអ្នកដែលកំពុងធ្វើចត្តាឡីស័ក មិនត្រូវបានអនុញ្ញាតឲ្យវិលត្រឡប់ទៅប្រទេសវៀតណាមវិញទេក្នុងអំឡុងពេលនៃការផ្អាកការចេញ-ចូលបណ្តោះអាសន្ននេះ។
ទន្ទឹមនឹងនេះបានបញ្ជាក់ជូនឯកអគ្គរាជទូតកម្ពុជាប្រចាំនៅវៀតណាមសហការជាមួយអាជ្ញាធរវៀតណាម ដើម្បីស្នើឲ្យអាជ្ញាធរ នៃប្រទេសទាំងពីរជួយសម្របសម្រួលកិច្ចដំណើរការនៃការដឹកជញ្ចូននាំចេញ និងនាំចូលទំនិញនានាដោយអនុវត្តឱ្យបានម៉ឺងម៉ត់ តាមវិធានសុខាភិបាលនៃប្រទេសទាំងពីរ ៕