ភ្នំពេញ៖ នារីម្នាក់បានបាត់បង់ជីវិតនៅពាក់កណ្តាលផ្លូវខណៈពេលដែលមានអាការៈមិនស្រួលខ្លួន ត្រូវបានដឹកយកទៅមន្ទីរពេទ្យស្រាប់តែដាច់ខ្យល់នៅតាមផ្លូវបង្កការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋជិតខាង កាលពីវេលាម៉ោង០០និង១៥នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ៦២ ចំណុចជិតនឹងផ្សារសាមផាន់ ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា សពមានឈ្មោះ ប៉ៅ ស្រច ភេទស្រី អាយុ២៣ឆ្នាំ មុខរបរអ្នកបោកអ៊ុត មានស្រុកកំណើត នៅភូមិត្រាំខ្នា ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
ពាក់ព័ន្ធករណីនេះមិត្តភក្តិរបស់នារីរងគ្រោះខាងលើនេះបានឲ្យដឹងថា នារីរងគ្រោះខាងលើមានអាការៈស្លេកស្លាំង និងមិនស្រួលខ្លួន បន្ទាប់មកទើបនាងត្រូវជាមិត្តភក្តិបានហៅកង់បី ឲ្យមកដឹកយកនារីរងគ្រោះខាងលើ ទៅមន្ទីរពេទ្យដើម្បីជួយសង្រ្គោះ ខណៈពេលដឹកដល់ពាក់កណ្តាលផ្លូវ ដោយសភាពអាការៈជំងឺធ្ងន់ធ្ងរពេក ស្រាប់តែដាច់ខ្យល់នៅលើកង់បីតែម្តងទៅ រួចម្ចាស់កង់បីក៏បានដឹកសពនារីរងគ្រោះខាងលើ ត្រឡប់មកផ្ទះវិញ ។ បន្ទាប់មកបានរាយការណ៍ប្រាប់ទៅខាងសមត្ថកិច្ចមូលដ្ឋានឲ្យដឹងភ្លាមៗផងដែរ ។
ភ្លាមៗនោះសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចពិនិត្យទៅលើ សពជនរងគ្រោះដោយរូបនាងស្លាប់ ដោយសាតែមានជំងឺ ក៏ធ្វើកំណត់ហេតុប្រគល់សព ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យ នៅស្រុកកំណើតតាមប្រពៃណី៕