ភ្នំពេញ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងដោយកម្មករប្រមូលសំរាម២នាក់បានបាត់បង់ជីវិត និងម្នាក់ទៀតបានរងរបួសធ្ងន់ ខណៈកំពុងតែប្រមូលសំរាម ដាក់ចូលក្នុងរថយន្ត ត្រូវរថយន្តមកបុកពេញទំហឹង កាលវេលាម៉ោង២និង៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃចន្ទ ទី១២ ខែកក្កដា ឆ្នាំ ២០២១ ត្រង់ចំណុចមុខផ្សារពោធិ៏ចិនតុង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះទី១-មានឈ្មោះ ប៉ែន ចាន់ អាយុ៣៨ឆ្នាំ ស្រុកកំណើតខេត្តស្វាយរៀង ទី២-ឈ្មោះ សាន់ ឆៃ ភេទប្រុស អាយុ២៨ឆ្នាំ មានស្រុកកំណើត នៅខេត្តព្រៃវែង បានបាត់បង់ជីវិតទាំង២នាក់ និងជនរងគ្រោះទី៣ ដែលរងរបួសធ្ងន់ មានឈ្មោះ ឌួង គង់ អាយុ៤០ឆ្នាំជាង មានស្រុកកំណើតនៅខេត្តព្រៃវែង អ្នកទាំង៣ជាបុគ្គលិកអ្នកប្រមូលសំរាម ឲ្យក្រុមហ៊ុន MIZUDA ។ ចំណែកឯរថយន្តបង្ក ម៉ាកCRV ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AN-4634 បើកបរដោយឈ្មោះ ណេត ណេហ្សា អាយុ១៧ឆ្នាំ ស្នាក់នៅភូមិក្រាំងអង្រ្កង២ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
បើតាមអ្នកបើកបររថយន្តប្រមូលសំរាមបានឲ្យដឹងថា ពួកគាត់កំពុងប្រមូលសំរាម នៅចំណុចកើតហេតុ ស្រាប់តែរថយន្តបង្ក បើកល្បឿនលឿនមកពីកើត មានទិសដៅស្របគ្នា បានរ៉េចង្កូតមកស្តាំដៃ បុករថយន្តពីក្រោយនិងអ្នកទាំង៣ពេញទំហឹងតែម្ដង ។ គាត់ថា អ្នកបើករថយន្តស្រវឹងស្រា រួមដំណើរប្រុសស្រីសរុប៧នាក់ បានគេចចេញពីកន្លែងកើតហេតុអស់ នៅសល់តែអ្នកបើកបរ ត្រូវពលរដ្ឋឃាត់រង់ចាំទទួលខុសត្រូវ ។
ភ្លាមៗនោះក្រោយពីកើតហេតុសមត្ថកិច្ចឃាត់អ្នកបើកបរ និងវាស់វែងយករថយន្តបង្ក ចាត់ការតាមនីតិវិធី រីឯសាកសព ក្រោយពិនិត្យនិងធ្វើតេស្តរួច ត្រូចក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕