ថ្ងៃទី៧ ខែកក្ក ឆ្នាំ២០២១នេះជាខួប១៣ឆ្នាំបន្ទាប់ពីមានព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ ដែលបានប្រកាសដាក់បញ្ចូលប្រាសទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោកបានធ្វើឲ្យកក្រើកដល់ពិភពលោកបានស្គាល់កាន់តែទូលំទូលាយនូវស្នាដៃអច្ឆរិយរបស់បុព្វបុរសខ្មែរដែលបានបន្សល់ទុករហូតដល់បច្ចុប្បន្ន ។
ព្រឹត្តិការប្រវត្តិសាស្ត្រនេះបានកើតឡើងបន្ទាប់ពីកម្ពុជាបានឈ្នះក្តីលើប្រទេសថៃ និងបានឆ្លងកាត់កិច្ចប្រជុំទី៣២ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ នៅក្នុងទីក្រុងកេបិច ប្រទេសកាណាដា ទើបត្រូវបានសម្រេចជាស្ថាពរចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក ។
សូមជម្រាបថា ប្រាសាទព្រះវិហារ ស្ថិតក្នុងភូមិស្វាយជ្រំ ឃុំកន្ទួត ស្រុកជាំក្សាន្ត នៅលើខ្នងភ្នំដងរែក (៨០០គុណនឹង៤០០ ម៉ែត្រការ៉េ)។ ដងភ្នំនេះមានលក្ខណៈចោតខ្លាំងពីខាងប្រទេសកម្ពុជា និងជម្រាលពីខាងប្រទេសថៃ ។ ប្រាសាទព្រះវិហារមានចម្ងាយ៤០៥គីទ្បូមែត្រពីទីក្រុងភ្នំពេញ ប៉ុន្តែបើធ្វើដំណើរចេញពីទីរួមខេត្តព្រះវិហារវិញ មានចម្ងាយត្រឹមតែ១០៨គីឡូម៉ែត្រប៉ុណ្ណោះ ។ ប្រាសាទព្រះវិហារគឺជាតំបន់ប្រវត្តិសាស្ត្រមួយដែលមានឈ្មោះថា «សេការីស្វារៈ » មានន័យថា «អំណាចនៃភ្នំ» ហើយត្រូវបានសាងសង់ឡើងនៅក្នុងអំឡុងចុងសតវត្សទី៩ និងដើមសតវត្សទី១០ដោយព្រះមហាក្សត្រ៤អង្គព្រះនាម៖ ព្រះបាទយសោវរ្ម័នទី១ (សាងសង់ក្នុង គ.ស៨៨៩-៩១០) ព្រះបាទសូរ្យវរ្ម័នទី១ (សាងសង់ក្នុងគ.ស១០០២-១០៥០) ព្រះបាទសូរ្យវរ្ម័នទី២ (សាងសង់ក្នុងគ.ស១១១៣-១១៥០) និងព្រះបាទជ័យវរ្ម័នទី៦ (សាងសង់ក្នុងគ.ស១០៨០-១១០៩) ៕