ឥណ្ឌា៖ ប្រាសាទកណ្តុរដែលមានកណ្តុរប្រមាណ២៥០០០ក្បាលបានរស់នៅឈ្មោះ Karni Mata Temple ជាប្រាសាទបែបហិណ្ឌូសាសនាកសាងឡើងដើម្បីឧទ្ទិសទៅដល់ អវតាមួយអង្គនៅក្នុងហិណ្ឌូសាសនា ដែលពាក់ព័ន្ធរឿងព្រេងសត្វកណ្តុរដែលត្រូវបានប្រជាពលរដ្ឋឥណ្ឌាធ្វើសក្ការៈគោរពបូជាដ៏ពិសិដ្ឋយ៉ាងល្បីល្បាញនៅក្នុងប្រទេសឥណ្ឌា ។
ដោយសារមានរឿងព្រេងឥណ្ឌាដែលពាក់ព័ន្ធនឹងប្រាសាទនេះធ្វើពលរដ្ឋឥណ្ឌាមានជំនឿ សាច់ញាតិដែលបានស្លាប់ទៅ មិនដឹងកើតជាអ្វីឱ្យប្រាកដទេ ខ្លះអាចមានបាបធ្វើឱ្យភ្លាត់កើតជា សត្វកណ្តុរជាដើម ទើបបានជាគេយកនំចំណី ម្ហូបអាហារដើម្បីមកថ្វាយសត្វកណ្តុរនៅក្នុងប្រាសាទ Karni Mata ដែលជាផ្ទះដ៏កក់ក្តៅរបស់កណ្តុរជាង ២៥០០០ក្បាល ដើម្បីបួងសួងសុំសេចក្តីសុខ ។
បើតាមរឿងព្រេងមួយរបស់ឥណ្ឌាបានឲ្យដឹងថា កូនប្រុសរបស់ Karni Mata ឈ្មោះ Laxman ត្រូវបានលង់ទឹកស្លាប់នៅក្នុងស្រះមួយ ខណៈពេលដែលគាត់កំពុងផឹកទឹក។ Karni Mata បានស្នើសុំ Yama ដែលជាព្រះនៃសេចក្តីស្លាប់ដើម្បីឱ្យកូនរបស់នាងរស់ឡើងវិញ។ Yama បានយល់ស្របនឹងសំណើរដោយដាក់លក្ខខ័ណ្ឌមួយថា Karni Mata និងកូនៗ ត្រូវចាប់កំណើតជាសត្វកណ្តុរ។ គេឃើញមានកណ្តុរពណ៌ស ២-៣ក្បាល នៅក្នុងប្រាសាទ។ សត្វកណ្តុរពណ៌សទាំងនេះត្រូវបានគេជឿថាជាការបង្ហាញខ្លួនរបស់ Karni Mata និងកូនប្រុសរបស់នាងដែលយល់ព្រមចាប់កំណើតជាសត្វកណ្តុរឱ្យតែអាចបានរស់នៅជួបជុំជាមួយកូនរបស់នាងវិញ ។
សូមជម្រាបថា ប្រាសាទ Karni Mata មានទីតាំងនៅក្នុងរដ្ឋ Rajasthan ភាគខាងជើងប្រទេស ឥណ្ឌា។ នៅពេលដែលមានពិធីបួងសួងម្តងៗ ពលរដ្ឋឥណ្ឌានៅទូទាំងប្រទេសបានធ្វើដំណើរមកជួបជុំគ្នានៅក្នុងប្រាសាទកណ្តុរមួយនេះ ដើម្បីធ្វើពិធីតាមបែបសាសនា។ ប្រាសាទនេះត្រូវបានសាងសង់ឡើងនៅសតវត្សរ៍ទី ២០ ដោយ Maharaja Ganga ៕