ភ្នំពេញ៖ លោកឧកញ៉ា អ៊ុច សម្បត្តិ ប្រធានស្ថាបនិកក្រុមហ៊ុនគ្រួសារកក់ក្តៅ បានលើកឡើងនូវអាថ៌កំបាំងយ៉ាងពិសេសមួយដែលពាក់ពន្ធនឹងពេលវេលាទាំង៣កាលរួមមាន អតីតកាល បច្ចុប្បន្ន និងពេលអនាគត ដើម្បីសម្រិតសម្រាំងឱកាសមាសនេះចម្រាញ់ចេញជាគុណភាព គុណតម្លៃនៃជីវិតឲ្យ មានភាពល្អប្រសើរ ទទួលបានភាពជោគជ័យ និងក្តីសុខភមង្គលដល់ជីវិតរបស់ខ្លួនរួមទាំងគ្រួសារ ។
បើតាមទស្សនគតិរបស់លោកឧកញ៉ា អ៊ុច សម្បត្តិ បានគូសបញ្ជាក់អំពីពេលវេលាថ្ងៃម្សិលមិញ ថ្ងៃនេះ ថ្ងៃស្អែកថា
១.ថ្ងៃម្សិលមិញ៖ ម្សិលមិញ វាបានកន្លងផុតទៅហើយ មានរឿងជាច្រើនដែលបានធ្វើឱ្យយើងមានអារម្មណ៍នឹកថាសោកស្ដាយ ដែលបាត់បង់ឱកាសល្អៗ និងរបស់ល្អៗទៅ ដោយសារតែការធ្វេសប្រហែស និងភាពខ្ជះខ្ជាយ មិនឱ្យតម្លៃនៃពេលវេលារបស់យើង ។ ប៉ុន្តែរឿងជាច្រើន បើទោះជាយើងនៅអាឡោះអាល័យ ស្ដាយក្រោយ ធ្វើឱ្យខ្លួនឯងខកចិត្ត ខូចចិត្តកម្រិតណា ក៏វានៅតែជារឿងម្សិលមិញ វាក៏នៅតែជាអតីតកាលកន្លងហួសអស់ទៅហើយ ដូច្នេះហើយប្រឹងស្ដាយក៏វាគ្មានន័យដែរ ។
២.ថ្ងៃនេះ៖ ចូរប្រើប្រាស់ពេលវេលាថ្ងៃនេះឱ្យបានល្អ ដើម្បីកុំឱ្យកន្លងហួសទៅដូចថ្ងៃម្សិលមិញ ។ អ្វីៗអាចចាប់ផ្ដើមពីថ្ងៃនេះទៅ ខំប្រឹងធ្វើការនៅថ្ងៃនេះឱ្យបានល្អ ធ្វើឱ្យអស់ពីលទ្ធភាព ធ្វើនូវរឿងដែលគួរធ្វើ ចំណែកលទ្ធផលបែបណា វាក៏បានឱ្យយើងនេះអស់ចិត្តដែរ មិនបាច់ត្រូវសោកស្ដាយនោះទេហើយក៏កុំបណ្ដោយឱ្យពេលវេលាកន្លងផុតទៅដោយទទេរៗ ។
៣.ថ្ងៃស្អែក៖ ថ្ងៃស្អែកជាពេលវេលាដែលមិនទាន់មកដល់ យើងនឹងមិនដឹងទេថា ថ្ងៃស្អែកនឹងមានរឿងអ្វីកើតឡើងខ្លះ ពេលខ្លះយើងនឹងមិនដឹងផងថា យើងមានឱកាសបានប្រើប្រាស់ថ្ងៃស្អែកផងក៏ថាបាន ។ ដូចពាក្យគេថា«កុំចេះតែព្រួយភ័យរឿងអ្វីៗដែលមិនទាន់មកដល់ ក៏កុំគិតខ្វល់នូវអតីតកាលដែលកន្លងហួសហើយ»។
លោកឧកញ៉ាអ៊ុច សម្បត្តិបញ្ជាក់បន្ថែមថា មានពេលខ្លះ យើងពិតជាខ្វាយខ្វល់ពីអតីតកាលដែលកន្លងហួសពេក ហើយក៏ចេះតែគិតភ័យព្រួយនូវអនាគតដែលមិនទាន់មកដល់ នេះជាហេតុដែលនាំឱ្យជីវិតយើង បាត់បង់ក្ដីសុខនៅក្នុងជីវិត ស្មើនឹងយើង មិនបានប្រើពេលវេលាថ្ងៃនេះឱ្យក្លាយជាឱកាសដ៏មានតម្លៃ ៕