ភ្នំពេញ៖ ប្រភេទខ្លាឃ្មុំធំ Asiatic black bear (Ursus thibetanus) ស្ថិតនៅក្នុងប្រភេទសត្វកម្រ និងជិតផុតពូជ និងត្រូវបានចាត់ជាប្រភេទងាយរងគ្រោះ ស្ថិតនៅក្នុងបញ្ជីក្រហម IUCN ហើយត្រូវបានចាត់ថ្នាក់ក្នុងឧបសម្ព័ន្ធ I នៃអនុសញ្ញា CITES ពេលនេះកំពុងមានវត្តមាននៅក្នុងប្រទេសមួយចំនួនក្នុងតំបន់អាស៊ីខាងត្បូង អាស៊ីអាគ្នេយ៍ រហូតដល់អាស៊ីខាងកើត ។ វាចូលចិត្តរស់នៅក្នុងព្រៃស្រោង ព្រៃពាក់កណ្តាលស្រោង ព្រៃល្បោះចម្រុះ។ នៅក្នុងប្រទេសកម្ពុជា សត្វខ្លាឃ្មុំធំ មានវត្តមាននៅក្នុងតំបន់ការពារធម្មជាតិមួយចំនួននៅភូមិភាគឦសាន ភូមិភាគខាងកើត ភូមិភាគខាងជើង និងភូមិភាគនិរតី នៃប្រទេសកម្ពុជា។
ខ្លាឃ្មុំធំ ជាប្រភេទសព្វាសី សត្វស៊ីចំនីចម្រុះរួមមានរុក្ខជាតិ និងសត្វ។ ខ្លាឃ្មុំធំ អាចចាប់ផ្តើមបង្កកំណើតនៅអាយុពី៤ទៅ៥ឆ្នាំ ជាទូទៅធ្វើការបង្កាត់ពូជនៅកំឡុងពីខែមិថុនា-កក្កដា ហើយបង្កើតកូននៅកំឡុងខែវិច្ឆិកា-មីនា និងជាទូទៅបង្កើតកូនម្តងបានពី១ទៅ២ក្បាល ។ វាអាចរស់បានរហូតដល់អាយុជាង៣០ឆ្នាំ ។
សត្វខ្លាឃ្មុំនេះទទួលរងការគំរាមកំហែងពីកត្តាជាច្រើនដែលរួមមាន ការបាត់បង់ទីជម្រកការបរបាញ់ និងជួញដូរសត្វព្រៃខុសច្បាប់ ដើម្បីយកស្បែក ក្រចកជើង ប្រម៉ាត់ និងការចាប់មកចិញ្ចឹម។ យោងតាមការសិក្សា ខ្លាឃ្មុំធំមានមាឌធំជាងគេក្នុងចំណោមប្រភេទខ្លាំឃ្មុំទាំងអស់។ ដងខ្លួនគ្រប ដណ្តប់ដោយរោមក្រាស់វែងៗពណ៌ត្នោត និងមានឆ្នូតពណ៌លឿងខ្ចីរាងដូចអក្សរវេ នៅខាងក្រោមក។ ស្លឹកត្រចៀកមានទំហំធំជាងខ្លាឃ្មុំតូច និងមានប្រវែងក្បាល ដងខ្លួនពី ១២០០ ទៅ១៥០០០មម ជាមធ្យមឈ្មោលមានទម្ងន់ពី ១១០ទៅ១៥០គីឡូក្រាម។ រីឯញីមានទម្ងន់ពី ៦៥ទៅ៩០គីឡូក្រាម។ ប្រអប់ជើង មានទម្រង់ស្រដៀងនឹងប្រអប់ជើងមនុស្ស ៕