កំពង់ចាម ៖ មានករណីអគ្គិភ័យ ឆេះស្ថានីយ៍លក់ប្រេងឥន្ធនៈមួយកន្លែង នៅចំណុចភូមិពព្រេង ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម ដោយសារឆ្លងចរន្តអគ្គីសនីនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៨និង៤៥នាទី បណ្តាលឲ្យកូនស្រីម្ចាស់ផ្ទះមា្នក់បានស្លាប់ ព្រោះចូលទៅយកទ្រព្យសម្បត្តិពេលភ្លើងកំពុងឆាបឆេះយ៉ាងសន្ធោសន្ធៅ ។
ភ្លាមៗនោះកម្លាំងជំនាញរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកចំការលើចំនួន ០១គ្រឿង រថយន្តពន្លត់អគ្គិភ័យ ការិយាល័យនគរបាលខេត្តចំនួន០៣គ្រឿង រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ចំនួន០២គ្រឿង រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកកំពង់សៀមចំនួន០១គ្រឿង និងរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកព្រៃឈរចំនួន០១គ្រឿង សរុបចំនួន០៨គ្រឿង ចុះទៅអន្ដរាគមន៍ជួយពន្លត់អគ្គីភ័យនេះ ។
បើតាមនគរបាលស្រុកចំការលើ បានប្រាប់ថា ម្ចាស់ផ្ទះឈ្មោះ ជឹម រីន ភេទប្រុស អាយុ ៥៥ឆ្នាំ ជនជាតិជាតិខ្មែរ រស់នៅភូមិពព្រេង ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម ។ ហេតុការនេះ បណ្តាលឲ្យស្លាប់មនុស្សម្នាក់ឈ្មោះ អឿន រដ្ឋា ភេទស្រី អាយុ ៣០ឆ្នាំ ជាតិខ្មែរដែលត្រូវជាកូនម្ចាស់ផ្ទះ ដែលស្លាប់ដោយសារជនរងគ្រោះចូលយកទ្រព្យសម្បត្តិក្នុងផ្ទះ ។ ចំពោះការខូចខាតរួមាន ស្ថានីយ៍ប្រេង និងផ្ទះស្នាក់នៅសង់អំពីឈើប្រក់ក្បឿងជញ្ជាំងក្ដារទំហំ ៧ម៉ត្រ និង៩ម៉ែត្រឆេះអស់ទាំងស្រុង រថយន្តម៉ាកឡិចស៊ីស៣៣០ចំនួន០១គ្រឿង ម៉ូតូសេ១២៥ ០១គ្រឿង និងប្រាក់ចំនួនទៀត ។
ពាក់ព័ន្ធនឹងហេតុការណ៍ដ៏រន្ធត់ខាងលើនេះសមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុនៃការកើតឡើងនៅ អគ្គី ភ័យនេះបណ្តាលមកពីឆ្លងចរន្តអគ្គីសនីគឺការបាញ់ប្រេងបញ្ចូលកានបណ្តាលឲ្យផ្ទុះឆេះ ។ ដោយបាន ជួយអន្តរាគមន៍ពន្លត់អគ្គិភ័យនេះឲ្យរលត់រួចរាល់នៅវេលាមោង២០ និង៤០នាទី ៕