កំពត៖ ស្ត្រីចំណាស់ជាអ្នកលក់អីវ៉ាន់ចាប់ហួយ ត្រូវជនសង្ស័យយកញញួរដែកវាយក្បាលបណ្តាលឲ្យសន្លប់បាត់ស្មារតីលួចយកខ្សែរករត់ប៉ុន្តែរត់មិនរូចត្រូវគេក្របួចកឲ្យសមត្ថកិច្ចកាលពីវេលាម៉ោង៦និង២០នាទីយប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត ។
បើតាមលោកវរៈសេនីយឯក លក ញ៉ាវ ស្នងការរងទទួលផែនព្រហ្មទណ្ឌបានឲ្យដឹងថា ជនរងគ្រោះឈ្មោះសុខ អ៊ឹង ភេទស្រី អាយុ៦៧ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ បានរងរបួសក្បាល និងបាត់ខ្សែកប្លាទីនទម្ងន់៥ជីមួយខ្សែ។ ចំណែកជនសង្ស័យឈ្មោះង៉ែត យឿន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរជាងផ្សារដែក មានទីលំនៅភូមិមានរិទ្ធ ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត ។
លោកវរៈសេនីយឯកបានបន្តថា មុនពេលកើតហេតុ ស្ត្រីជនរងគ្រោះនៅផ្ទះតែម្នាក់ឯង និងលក់អីវ៉ាន់ចាប់ហួយផង ពេលនោះជនសង្ស័យប្រើល្បិចធ្វើជាចូលទិញអីវ៉ាន់ដូចជា ប្រេងឆា អំពិលទុំ ប្រេងខ្យង និងប្រេងកូឡា ដោយឃើញឱកាសស្ងាត់ ហើយស្ត្រីរងគ្រោះនៅផ្ទះតែម្នាក់ឯង ក៏យកញញួរដែកដែលកាន់នៅនឹងដៃវាយក្បាលស្ត្រីរងគ្រោះមួយញញួរ បណ្តាលឱ្យស្ត្រីរងគ្រោះដួលអុកគូទសន្លប់ រួចជនសង្ស័យដោះយកខ្សែកប្លាទីនរបស់ស្ត្រីរងគ្រោះបំរុងរត់ចេញខ្លួនដែរ ប៉ុន្តែដោយស្ត្រីរងគ្រោះដឹងខ្លួនទាន់ក៏ស្រែកឆោឡោ បង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាង និងបងប្អូនសាច់ញាតិក៏ដេញចាប់ជនសង្ស័យបានរួចហើយប្រគល់ឲ្យសមត្ថកិច្ច នាំមកកាន់ស្នងការខេត្តដើម្បីសួរនាំ ។
បន្ទាប់ពីសួរនាំជនសង្ស័យខាងលើនេះបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើវាយស្ត្រីរងគ្រោះ បណ្តាលឱ្យរងរបួស ហើយដោះយកខ្សែកប្រាកដមែន។លុះនៅរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១នេះ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕