ថៃ៖ ករណីផ្ទុះអាវុធដែលខ្មាន់កាំភ្លើងបានសម្រុកចូលក្នុងមន្ទីរពេទ្យ បាញ់សម្លាប់អ្នកជំងឺកូវីដ-១៩ ឆៅៗបង្កការភ្ញាក់ផ្អើល និងឆោឡោស្លន់ស្លោពេញមន្ទីរពេទ្យកាលពីវេលាម៉ោង ៣ និង៣០នាទីទាបភ្លឺថ្ងៃទី២៤ ខែមិថុនានេះ ស្ថិតនៅតាមបណ្តោយផ្លូវ Phahon Yothin ក្នុងស្រុក Thanyaburi ប្រទេសថៃ ទីបំផុតនៅរសៀលថ្ងៃដដែលនេះបានចូលមកប្រគល់ខ្លួនឲ្យប៉ូលិសចាប់ហើយ ។
បើតាមមន្ត្រីប៉ូលិសបានឲ្យដឹងថា ឃាតករខ្មាន់កាំភ្លើងរូបនេះឈ្មោះ Kawin Saengnilkul អាយុ ២៣ឆ្នាំ មកពីស្រុក Thanyaburi ស្រុក Pathum Thani បានប្រគល់ខ្លួនឲ្យប៉ូលិសក្នុងខេត្ត Ronong នៅវេលាម៉ោង១២និង២០នាទី ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ដោយបាននាំយកនូវកាំភ្លើងចំនួន២ដើមមកជាមួយផង ។
សូមជម្រាបថា បើទោះបីយ៉ាងណាក្តីពាក់ព័ន្ធនឹងករណីឃាតកម្ម ដោយខ្មាន់កាំភ្លើងបាញ់សម្លាប់អ្នកជំងឺកូវីដ-១៩នៅក្នុងមន្ទីរពេទ្យមួយកន្លែងស្ថិតនៅតាមបណ្តោយផ្លូវ Phahon Yothin ក្នុងស្រុក Thanyaburi ប្រទេសថៃនេះប៉ូលិសថៃនៅមិនទាន់បញ្ជាក់បានទេថា ករណីកើតឡើងនេះបណ្តាលមកបញ្ហាគំនំរវាងបុគ្គលឬយ៉ាងណានៅឡើយ ៕