កីឡាជាតិ៖ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាគ្រោងនាំយកគ្រូបង្វឹកកម្រិតខ្ពស់មកពីរុស្ស៊ី នាខែកក្កដា ឆ្នាំ២០២១ ខាងមុខ ដើម្បីពង្រឹងការហ្វឹកហាត់ និងសម្រួចសមត្ថភាពរបស់កីឡាករ-កីឡាការិនី ត្រៀមឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣។
លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានឲ្យដឹងថា បច្ចុប្បន្នសហព័ន្ធ កំពុងធ្វើការងារនេះជាមួយគណៈកម្មាធិការជាតិ CAMSOC ដើម្បីជួលគ្រូកម្រិតខ្ពស់មកបំពាក់បំប៉ន និងសម្រួចបច្ចេកទេសបន្ថែមដល់កីឡាករ-កីឡាការិនីលើវិញ្ញាសាកីឡាកាយសម្ព័ន្ធអេរ៉ូប៊ិច។ ប៉ុន្ដែវិបត្តិកូវីដ-១៩ គឺជាឧបសគ្គធំមួយ ដែលសហព័ន្ធកំពុងរកដំណោះស្រាយ ដើម្បីឈានទៅនាំយកគ្រូបង្វឹកកម្រិតខ្ពស់មកកម្ពុជា ។
លោកបន្ដថា គ្រូបង្វឹកដែលសហព័ន្ធ គ្រោងជួលមកពង្រឹងការហ្វឹកហាត់កីឡាកាយសម្ព័ន្ធកម្ពុជា គឺជាជនជាតិរុស្ស៊ី បន្ទាប់ពីមានការសម្របសម្រួលពីសហព័ន្ធកីឡាកាយសម្ព័ន្ធរុស្ស៊ី ។ តាមគម្រោងកម្ពុជា គ្រោងជួលគ្រូបង្វឹករូបនេះ រហូតដល់ស៊ីហ្គេម ឆ្នាំ២០២៣ តែក៏ផ្អែកលើសមិទ្ធផលជាក់ស្ដែង ក្នុងការបង្វឹកហាត់កីឡាករ-កីឡាការិនីកម្ពុជាដែរ បើសិនមានកម្រិតបច្ចេកទេសរីកចម្រើន សហព័ន្ធនឹងបន្ដ តែបើមិនសូវមានការរីកចម្រើនទេ សហព័ន្ធនឹងធ្វើការផ្លាស់ប្ដូរ ហើយចំណុចនេះ ទាំងភាគីសហព័ន្ធរុស្ស៊ី និងសាមីខ្លួន ក៏បានឯកភាពផងដែរ ។
សូមបញ្ជាក់ថា បច្ចុប្បន្នសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា នៅមិនទាន់មានការប្រមូលផ្ដុំហ្វឹកហាត់នោះទេ ពិសេសក្រុមជម្រើសជាតិ ដោយអំឡុងវិបត្តិកូវីដ-១៩ សហព័ន្ធបានរៀបចំការហ្វឹកហាត់លក្ខណៈស្វ័យបុគ្គលជាបណ្ដោះអាសន្ន នៅពហុកីឡដ្ឋានជាតិមរតកតេជោ បន្ទាប់ពីទីតាំងហ្វឹកហាត់ នៅសាលដំបូលទូក នៃពហុកីឡដ្ឋានជាតិ ត្រូវបានរាជរដ្ឋាភិបាល សម្រេចយកធ្វើជាកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាលកាលពីថ្មីៗ៕