នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំគណៈប្រតិភូចម្រុះរបស់ក្រសួងសាធារណការ និងសមាជិកសមាជិកា នៃគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (គណៈកម្មការទី៩) នៃរដ្ឋសភា ដើម្បីពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវជាតិលេខ៣ (ចោមចៅ-កំពត) ដើម្បីតាមដានការងារបច្ចេកទេសសាងសង់របស់ក្រុមហ៊ុន ដើម្បីធានាឱ្យការសាងសង់ស្របតាមបទដ្ឋានបច្ចេកទេស និងកិច្ចសន្យាសាងសង់ ធានាឱ្យផ្លូវនេះមានគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង។
គម្រោងសាងសង់ផ្លូវជាតិលេខ៣ (ចោមចៅ-បែកគូស-កំពត) មានប្រវែងសរុប ១៣៤,៧៩៦ គីឡូម៉ែត្រ អនុវត្តសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (China Road and Bridge Corporation) ត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសសំណង់ ក្វាងចូវ វ៉ានអាន (Guangzhou Wanan Construction Supervision Co., Ltd)។
គម្រោងនេះ ប្រើប្រាស់រយៈពេលសាងសង់ ៤៨ខែ ចំណាយថវិកាសរុបប្រមាណ ២១៩ ៩១១ ០០០ ដុល្លារអាមេរិក ជាហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា គិតរហូតមកទល់ពេលនេះ គម្រោងនេះសម្រេចបានស្ទើរតែ១០០% ហើយ។
សូមបញ្ជាក់ថា ផ្លូវជាតិលេខ៣ ជាផ្លូវជាតិដែលតុបតែងលម្អដោយមាន៖ ដើមរុក្ខជាតិ ផ្កា និងសួនស្មៅនៅ ចំកណ្តាលទ្រូងផ្លូវ ប្រកបដោយទេសភាពពណ៌បៃតងស្រស់ ស្ពានអាកាសថ្មើរជើងសម្រាប់ឆ្លងកាត់ថ្នល់ ប្រកបដោយសុវត្ថិភាព ១០០% ចំនួន២កន្លែង ផ្លាកសញ្ញាចរាចរណ៍ គំនូសសញ្ញាចរាចរណ៍ និងផ្លាកសញ្ញាបង្ហាញទិសដៅផ្លូវ កាមេរ៉ាចាប់ល្បឿនយានយន្តចំនួន១៤កាមេរ៉ា ស្ថានីយថ្លឹងយានយន្ដចំនួន ០២កន្លែង និង គ្រោងបំពាក់ប្រព័ន្ធកាមេរ៉ា និងជញ្ជីងស្វ័យស្វ័យប្រវត្ត (AI Camera and High Speed Weigh in Motion Senior) ផងដែរ។
នាឱកាសចុះពិនិត្យផ្លូវនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ ក្រសួងទុកសុពលភាពរយៈពេលមួយឆ្នាំជូនក្រុមហ៊ុនសាងសង់ បន្ទាប់ពីការសាង សង់ត្រូវបានបញ្ចប់ជាស្ថាពរ ដើម្បីដំណើការតាមដានគុណភាពផ្លូវសិន មុននឹងក្រសួងចុះហត្ថលេខា សម្រេចទទួលយកជាផ្លូវការពីក្រុមហ៊ុនសាងសង់ ក្នុងគោលបំណងធានាឱ្យផ្លូវនេះមានគុណភាពរឹងមាំ។