ប្រសិនបើម្ចាស់ផ្ទះ ស៊ីហ្គេម វៀតណាម ឆ្នាំ២០២១ ពន្យាពេលរយៈពេលវែងទៅឆ្នាំ២០២៥ ឬឆ្នាំ២០២៧ រំលងស៊ីហ្គេម លើកទី៣២ និអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣របស់កម្ពុជា តើកម្ពុជានឹងទទួលទង់ស៊ីហ្គេមតាមរបៀបណា។
នៅក្នុងករណីនេះ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) បានពន្យល់កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ថា «តាមនីតិវិធី គឺថាម្ចាស់ផ្ទះស៊ីហ្គេម មុនត្រូវធ្វើពិធីផ្តល់និងទទួលទង់ដល់ម្ចាស់ផ្ទះ ស៊ីហ្គេម បន្ទាប់ ហើយក្នុងករណីដែលម្ចាស់ផ្ទះស៊ីហ្គេម ខកខាមិនបានធ្វើគេត្រូវប្រារព្ធពិធីប្រគល់ទង់ទៅម្ចាស់ផ្ទះមួយផ្សេងទៀត។ ឧទាហរណ៍ ម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣០ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីនត្រូវធ្វើពិធីប្រគល់ជូនដល់ប្រទេសវៀតណាម ដែលត្រូវដល់វេន ស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ ហើយប្រសិនបើវៀតណាម ខកខានមិនបានធ្វើនៅក្នុងឆ្នាំ២០២១ នោះគេនឹងប្រារព្ធពិធីប្រគល់ទង់ពីប្រទេសហ្វីលីពីនផ្តល់ជូនមកដល់ម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣របស់កម្ពុជា ដែលនេះគឺជានីតិវិធីនៃការទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ជាបន្តបន្ទាប់។ ម្យ៉ាងទៀត ការប្រគល់និងទទួលទង់ស៊ីហ្គេម អាចនឹងធ្វើឡើងតាមរបៀបមួយចំនួនទៀត ដូចជាអាចធ្វើឡើងនៅក្នុងអង្គប្រជុំនៃក្រុមប្រឹក្សាអាស៊ីអាគ្នេយ៍។ ជាមួយគ្នានោះ ប្រសិនបើម្ចាស់ផ្ទះវៀតណាមមិនអាចទទួលធ្វើស៊ីហ្គេមនេះទេ វៀណណាមនឹងបានបាត់បង់នូវភាពជាអ្នកដឹកនាំរបស់ខ្លួន»។
ឯកឧត្តមអគ្គលេខាធិការបន្ថែមទៀតថា នៅក្នុងប្រវត្តិសាស្ត្ររបស់ស៊ីហ្គេម កន្លងមក មិនធ្លាប់មានប្រទេសណាមួយលុបចោលស៊ីហ្គេម ដែលដល់វេនម្ចាស់ផ្ទះនីមួយៗនោះឡើយ ដោយគ្រាន់តែបានពន្យាពេលបន្តិចបន្តួចប៉ុណ្ណោះ ប៉ុន្តែសម្រាប់ការទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២១ របស់ប្រទេសវៀតណាម ដោយសារវិបត្តិជំងឺកូវីដ-១៩ ម្ចាស់ផ្ទះមួយនេះបានជូនដំណឹងពីការពន្យាពេលពីឆ្នាំ២០២១ ទៅឆ្នាំ២០២២ ឬក៏អាចរំលងស៊ីហ្គេម ២០២៣ លើកទៅរៀបចំស៊ីហ្គេមរបស់ខ្លួនទៅឆ្នាំ២០២៥ ឬ ឆ្នាំ២០២៧ ខាងមុខ ដោយលើកបញ្ហាពន្យាពេលនេះបានជជែងគ្នានៅក្នុងកិច្ចប្រជុំគណៈអចិន្ត្រៃយ៍សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ ហើយនឹងបើកកិច្ចប្រជុំអនឡាញមួយទៀត នៅក្នុងកម្រិតក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១។
សូមបញ្ជាក់ថា បើទោះបីជា ស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ នៅវៀតណាមត្រូវពន្យាពេលទៅឆ្នាំ២០២២ ឬផ្លោះរំលងរយៈពេលវែង ទៅឆ្នាំ២០២៥ ឬឆ្នាំ២០២៧ យ៉ាងណាក្តី ក៏អគ្គលេខាធិការ CAMSOC រូបនេះនៅតែបញ្ជាក់ជំហរយ៉ាងរឹងមាំដែរថា ការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ និងការប្រកួតកីឡាជនពិការ អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣របស់ព្រះរាជាណាចក្រកម្ពុជានៅតែរក្សាកាលបរិច្ឆេត ក្នុងខែមិថុនា ឆ្នាំ២០២៣ និងកំពុងបន្តកិច្ចខិតខំប្រឹងប្រែងតាមផែនការមេស៊ីហ្គេម សម្រួចគោលដៅឆ្ពោះទៅរៀបចំព្រឹត្តិការណ៍កីឡាថ្នាក់តំបន់ជាប្រវត្តិសាស្ត្រជាលើកដំបូងរបស់ខ្លួនប្រកបដោយក្តីសង្ឃឹមយ៉ាងមុតមាំ និងភាពជឿជាក់មិនប្រែប្រួលឡើយ៕