ភ្នំពេញ៖ ទឹកចិត្តមេត្តាមហាសន្តោសរបស់លោកឧកញ៉ា អ៊ុច សម្បត្តិប្រធានស្ថាបនិកក្រុមហ៊ុនហ៊ុន គ្រួសារកក់ក្តៅ និងលោកជំទាវហ៊ឹម សុ័ក្រ ពេលបានឃើញជនពិការភាពដែលកំពុងជួបការលំបាក ក្នុងគ្រួសារអាណិតខ្លាំងពេកទ្រាំមិនបានប្រកាសជួយឧប្បត្ថម្ភជាគ្រឿងឧបភោគបរិភោគ និងថវិកា មួយចំនួនដើម្បីដោះស្រាវជីវភាព និងដោះស្រាយការលំបាកមួយចំនួនក្នុងគ្រួសារតាមរយៈក្រុម ការងារសារព័ត៌មានពេជ្រញូ (pichnews) នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ។
ជនពិការភាពដែលទទួលអំណោយសប្បុរសធម៌ខាងលើនេះបានឲ្យដឹងថា រូបគាតឈ្មោះ ឃុត សុភ័ក្រ្ត អាយុ ២៨ ឆ្នាំ ស្នាក់នៅបន្ទប់ជួលខាងក្រោយផ្សារបឹងបៃតងផ្លូវម៉ុងរិទ្ធី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ បើទោះបីរូបលោកជាជនពិការប៉ុន្តែលោកទទួលបន្ទុកសមាជិកគ្រួសារចំនួន១២នាក់ ក្នុងនោះរួមមានបងប្អូនរបស់គាត់៦នាក់ ពិការ៣នាក់ និងកាយសម្បទាធម្មតា៣នាក់ ឪពុកម្តាយ២ ប្អូនថ្លៃ២នាក់ និងក្មួយ២នាក់ ដែលស្នាក់នៅក្នុងបន្ទប់ជួលជាមួយគ្នា ។
លោកបានរៀបរាប់ទាំងអួលដើមកថា ដោយសារមួយរយៈនេះកម្ពុជាក៏កំពុងរងគ្រោះដោយសារបញ្ហាវិបត្តិសកលជំងឺកូវីដ-១៩ ដែលធ្វើប្រជាពលរដ្ឋមួយចំនួនជួបនឹងការលំបាក ក្នុងនោះរូបគាត់ដែលជាជនពិការធ្វើអ្វីមិនកើតបានតែត្រឹមជិះរទេះរុញសុំទាន់គេប៉ុន្តែមួយរយៈនេះសុំមិនបាននោះទេ រួមទាំងបន្ទុកសមាជិកគ្រួសារច្រើនផងធ្វើឲ្យគ្រួសារទាំងមូលជួបការលំបាកខ្លាំងស្ទើរតែដាច់បាយទៅហើយ ។
លោក ឃុត សុភ័ក្រ្ត ជាជនពិការ និងសមាជិកគ្រួសារ ក្រោយទទួលបានអំណោយសប្បុរសធម៌របស់លោកឧកញ៉ាអ៊ុច សម្បត្តិ និងភរិយា ពិតជាមានទឹកចិត្តរំភើបរីករាយណាស់ ហាក់ដូចជាទទួលបានភ្លៀងមួយមេធំប្រោសព្រំស្រោចស្របដំណាំដែលហួតហែងក្នុងរដូវប្រាំងដូច្នោះដែរ ។ លោក ឃុត សុភ័ក្រ្ត និងសមាជិកគ្រួសារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសន្តោសរបស់លោកឧកញ៉ា និងភរិយា ដែលមិនមើលរំលងអ្នកក្រខ្សត់ដូចជាគ្រួសាររបស់លោកពេលនេះ ។ លោក និងក្រុមគ្រួសារជូនពរឲ្យលោកឧកញ៉ា និងភរិយា ជួបប្រទះតែសុខភាពល្អ លាភសំណាងល្អ សម្រេចជោគជ័យក្នុងការងារ គ្រួសាមានសុភមង្គល និងសូមឲ្យទទួលបាននូវពុទ្ធពរ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ និងពល គ្រប់ពេលវេលា ៕