ម៉ាឡេស៊ី៖ មានករណីហិង្សាដ៏ហួសចិត្តមួយបានកើតឡើងដោយអ្នកភូមិនៅក្នុង Lawas, Sarawak ប្រទេសម៉ាឡេស៊ី បានផ្ទុះកំហឹងវាយប្រហារទៅលើក្រុមពន្លត់អគ្គិភ័យ ខណៈពេលពួកគេកំពុងបំពេញភារកិច្ច ព្រោះខឹងមកជួយសង្គ្រោះយឺតមិនទាន់ពេលវេលា ។ នេះបើយោងតាមវីដេអូឃ្លីបមួយដែលត្រូវបានចែកចាយនៅក្នុងបណ្តាញសង្គមកាលពីពេលថ្មីៗនេះ ។
តាមរយៈវីដេអូឃ្លីបខាងលើនេះគេសង្កេតឃើញបុរសម្នាក់ បានបញ្ចេញកំហឹងលើករបស់របរគ្រវាត់ចោលទៅដី និងបានដើរសំដៅចូលមកបម្រុងវាយលើក្រុមពន្លត់អគ្គិភ័យ ប៉ុន្តែ ត្រូវបានគ្នីគ្នាឃាត់។ បន្ទាប់មក បុរសម្នាក់ទៀតក្នុងចំណោមពួកគេ ក៏បានរត់ស្ទុះទៅវាយលើបុគ្គលិកពន្លត់អគ្គិភ័យម្នាក់ បណ្តាលឲ្យដួលទៅនឹងដីតែម្តង។ ហើយភ្លាមៗនោះ ក្រុមពន្លត់អគ្គិភ័យក៏បានបាញ់ទឹកប្រឆាំងទៅនឹងបុរសនោះ ដើម្បីរារាំងពួកគេមិនឲ្យចូលមកធ្វើបែបនេះទៀតឡើយ ។ បន្ទាប់មកមានអ្នកស្រុកចូលមកជួយអន្តរាគមន៍ និងស្នើសុំឲ្យបុរសទាំងនោះស្ងប់ចិត្ត ។
បើតាមលោក Tiong Ling Hii អនុប្រធាននាយកដ្ឋានពន្លត់អគ្គិភ័យ និងជួយសង្គ្រោះ បាននិយាយថា អ្នកពន្លត់អគ្គិភ័យដែលរងរបួស បានដាក់ពាក្យបណ្តឹងទៅប៉ូលីស ហើយប៉ូលីសក៏បានបើកស៊ើបអង្កេត ទៅលើករណីនេះ ។ ជាមួយគ្នានេះលោកសង្ឃឹមថាសាធារណជនគួរតែគោរព ចំពោះក្រុមដែលស្ថិតក្នុងឯកសណ្ឋានទាំងនេះផង ព្រោះពួកគេមិនអាចធ្វើអ្វីៗលឿបានទាន់ចិត្តនោះទេ ៕