ស្វាយរៀង៖ មន្រ្តីនគរបាលម្នាក់រងរបួសបាក់ជើងម្ខាង ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តវ៉ាជែងគ្នាជ្រុលចង្កូតបុកកាលពីវេលាម៉ោង០៨និង២០នាទីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ១៤៨-១៤៩ ស្ថិតក្នុងភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង ។
ប្រភពពីស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានឲ្យដឹងថា ជនរងគ្រោះខាងលើនេះឈ្មោះ កែម តារា ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ តួនាទី អធិការរងទទួលការងារចរាចរណ៍ នៃអធិការដ្ឋាននគរបាលក្រុងបាវិត បានបញ្ជូនមកសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ។
ប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ខាងលើនេះបានឲ្យដឹងថា មុនពេលកើតហេតុរថយន្ដដឹកដី ម៉ាកហ៊ីយ៉ាន់ដាយ ចំណុះ៥តោន ពណ៌ខៀវ ពាក់ផ្លាកលេខភ្នំពេញ3D- 4459 ធ្វើដំណើរពីលិចទៅកើត បើកបរដោយឈ្មោះ ឈឿន សុខា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិជៃក្រោម ឃុំរាធ័រ ស្រុកព្រះស្តេច ខេត្តព្រៃវែង ។ លុះពេលបើកបរមកដល់ចំណុចកើតហេតុ បានវ៉ាជែងរថយន្តមួយគ្រឿងទៀត បានបុកនឹងមន្រ្តីនគរបាល កំពុងឈរជើងលើដងផ្លូវ ដែលកំពុងបំពេញភារកិច្ច អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក បណ្តាលឲ្យរងរបួសធ្ងន់បាក់ជើងស្ដាំ ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញបានឃាត់ខ្លួនជនបង្ក និងវត្ថុតាង ដើម្បីកសាងសំណុំរឿងអនុវត្តតាមនីតិវិធីច្បាប់ជាបន្ត ៕