ភ្នំពេញ ៖ ការនាំចេញប្រេងកម្ពុជា តាមរយៈក្រុមហ៊ុន KrisEnergy ទៅលក់នៅលើទីផ្សារអន្តរជាតិ មិនទាន់អាចធ្វើទៅបាននៅឡើយទេ ដោយសារក្រុមហ៊ុនរុករក និង នាំចេញប្រេងមួយនេះ មានការរាំងស្ទះនីតិវិធីការងារចាំបាច់មួយចំនួន ដែលមិនទាន់បានបញ្ចប់នៅឡើយ ។ នេះបើយោងតាមឯកឧត្តម ជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាតនៃក្រសួងរ៉ែ និងថាមពល កាលពីពេលថ្មីៗនេះ ។
អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាតនៃក្រសួងរ៉ែ និងថាមពល បានជម្រាបបន្ថែមថា ក្រុមហ៊ុន KrisEnergy មិនទាន់បានបញ្ចប់ការងារ ដែលជាកាតព្វកិច្ចរបស់ក្រុមហ៊ុនគាត់មួយចំនួន។ ដូចនេះ ការនាំចេញប្រេងចេញទៅកាន់ទីផ្សារអន្តរជាតិត្រូវនៅរងចាំរួមរាល់នូវរាល់នីតិវិធីចាំបាច់ទាំងនោះសិន ។
បើតាមក្រុមហ៊ុន KrisEnergy មានផែនការនាំចេញប្រេងឆៅលើកដំបូងរបស់ខ្លួន ក្នុងរង្វង់ ៣០ម៉ឺនបារ៉ែល នៅក្នុងខែឧសភា ទៅកាន់ទីផ្សារក្រៅប្រទេស។ ប៉ុន្តែនាពេលថ្មីៗនេះ ក្រុមហ៊ុន KrisEnergy បានបញ្ជាក់ថា ការរុករកប្រេងនៅក្នុងអណ្ដូងប្រេងទាំង៥នៅកម្ពុជា គឺទទួលបានទិន្នផលតិចជាងអ្វីដែលក្រុមហ៊ុនបានព្យាករទុក ដែលការបូមប្រេងបានតិចនេះ ក៏បានធ្វើឲ្យក្រុមហ៊ុនជួបបញ្ហារាំងស្ទះ ទាក់ទងនឹងការស្ដារបំណុលរបស់ខ្លួន ៕