ភ្នំពេញ៖ មន្ត្រីនាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានបង្ហោះសារអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នចំពោះល្បិចបោកប្រាស់ របស់ជនខិលខូច ដែលបង្កើតកម្មវិធីមួយឈ្មោះថា «និធិសុខុមាលភាពកូកា-កូឡា» ដោយបង្កើតឲ្យមានការឆ្លើយសំណួរស្ទង់មតិ និងចែករំលែកតំណភ្ជាប់ទៅកាន់មិត្តភក្តិ ដើម្បីឈ្នះរង្វាន់ជាទឹកប្រាក់ ២០ម៉ឺនរៀល ។
បើតាមមន្ត្រីនាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃបានឲ្យដឹងថា ក្រុមការងារបច្ចេកទេសខ្លួន បានសង្កេតឃើញនូវសារចែករំលែក បន្តក្នុងកម្មវិធីបណ្តាញសង្គម តួយ៉ាងកម្មវិធី Facebook Messenger និងកម្មវិធី WhatsApp ស្តីអំពីកម្មវិធីឈ្នះរង្វាន់ប្រាក់ ២០០០០០រៀល ពីក្រុមហ៊ុនកូកាកូឡា ដោយគ្រាន់តែធ្វើការឆ្លើយសំណួរស្ទង់មតិ និងចែករំលែកតំណភ្ជាប់ទៅកាន់មិត្តភក្តិ ។
ក្រុមការងារបច្ចេកទេស នៃនាយកដ្ឋានព័ត៌មានវិទ្យា បានបញ្ជាក់អំពីល្បិចក្រុមជនខិលខូចនេះថា ធ្វើការអូសទាញជនរងគ្រោះចូល ទៅកាន់តំណភ្ជាប់ (Link) ដែលជាគេហទំព័រក្លែងបន្លំ ។ ធ្វើការបញ្ឆោតជនរងគ្រោះឆ្លើយសំណួរ ដើម្បីទទួលបានរង្វាន់ ។ ធ្វើការបញ្ឆោតជនរងគ្រោះចែករំលែកតំណភ្ជាប់ទៅកាន់មិត្តភក្តិ ដោយផ្តល់សិទ្ធិគេហទំព័រខិលខូចនោះ ដំណើរការកម្មវិធីផ្ញើសារ របស់ជនរងគ្រោះ តួយ៉ាងកម្មវិធី Facebook Messenger ឬកម្មវិធី WhatsApp និងធ្វើការចែករំលែកតំណភ្ជាប់ខាងលើដោយស្វ័យប្រវត្តិ ទៅកាន់មិត្តភក្តិទាំងអស់របស់ជនរងគ្រោះ (Contact List)។
លើសពីចំណុចដែលបានរៀបរាប់នេះ ជនខិលខូចក៏អាចប្រើប្រាស់យុទ្ធនាការនេះ ក្នុងគោលបំណងផ្សេងៗ ដូចជា ប្រើប្រាស់គេហទំព័រក្លែងបន្លំ ឆបោកលួចយកព័ត៌មានគណនីជនរងគ្រោះ (ឧទាហរណ៍៖ គណនីអ៊ីនធឺណិត ឬគណនីធនាគារ) និងប្រើប្រាស់គេហទំព័រក្លែងបន្លំ ធ្វើការចម្លងមេរោគជាដើម។ ទន្ទឹមនឹងនេះនាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានអំពាវនាវសូមបងប្អូនមេត្តាបញ្ឈប់ការចែករំលែក ការចុចលើតំណភ្ជាប់ ជៀសវាងនូវបញ្ហា ៕