ថៃ៖ យោងតាមសារព័ត៌មាន khaosod កាលពីពេលថ្មីៗកន្លងទៅនេះ បានចេញផ្សាយថា បុរសម្នាក់នៅខេត្ត Buri Ram បានសម្រេចចិត្តដុតផ្ទះខ្លួនឯងចោល ដែលមានថ្មក្រោមឈើលើឲ្យឆេះខ្ទេចខ្ទីគ្មានសល់រាបដល់ដី សូម្បីថ្មីក៏ឆេះខ្លោចបាក់បែកផងដែរ ។
បន្ទាប់ពីឃើញអណ្តាតភ្លើងដែលកំពុងតែឆេះយ៉ាងសន្ធោសន្ធៅ ស្ត្រីម្នាក់ដែលជាម្ចាស់ផ្ទះ អាយុប្រមាណ ៦១ឆ្នាំ បានខំស្រវ៉ាចាប់ទូរស័ព្ទទាំងដៃញ័រដើម្បីហៅរថយន្តពន្លត់អគ្គីភ័យ ប៉ុន្តែជាអកុសលភ្លើងកាន់តែឆេះខ្លាំងឡើងៗហើយបានលេបត្របាក់បំផ្លាញផ្ទះអស់ទៅហើយ ។
បើទោះបីយ៉ាងណាក្តីនៅកន្លែងកើតហេតុគេឃើញបុរសម្នាក់កំពុងអង្គុយសម្លឹងមើលភ្លើងឆេះយ៉ាងរំភើយ ដែលមានអាយុប្រមាណ២៧ឆ្នាំ ដែលត្រូវជាចៅរបស់ម្ចាស់ផ្ទះ ដោយនៅក្នុងដៃគេឃើញមានកាំបិតផង ។ ភ្លាមៗនោះបន្ទាប់ពីសមត្ថកិច្ចចុះមកដល់បានឃាត់ខ្លួនបុរសរូបនេះ ព្រោះមានអ្នករាយការណ៍ថា បុរសរូបនេះជាអ្នកដុតផ្ទះ ។
នៅពេលសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំ បុរសរូបនេះបានឆ្លើយសារភាពថា ខ្លួនពិតជាអ្នកប្រព្រឹត្តទង្វើមិសមរម្យដុតផ្ទះចោលមែន ដោយសារខឹងប្អូនជីដូនមួយដែលមានអាយុ១១ឆ្នាំ ស្តីបន្ទោសឲ្យខ្លួនថា ជាអ្នកធ្វើឲ្យឆ្មាលួចស៊ីត្រីចៀន ៕