កីឡាជាតិ៖ លោក Ryu Hirose គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាលើកឡើងថា «វាពិតជាមានការប្រកួតប្រជែងខ្លាំងណាស់ ដើម្បីទទួលបានលទ្ធផល ដែលយើងចង់បាន នៅក្នុងពូលC នេះ ប៉ុន្តែយើងមិនដែលបោះបង់ឆន្ទៈ ដើម្បីប្រជែងនឹងក្រុមដ៏ទៃទេ»។
នេះជាការបញ្ជាក់របស់គ្រូបង្គោលក្រុមកម្ពុជា នៅក្នុងឱកាសសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ នៅប្រទេសបារ៉ែន ដើម្បីត្រៀមការប្រកួតជាមួយម្ចាស់ផ្ទះ ក្រុមជម្រើសជាតិបារ៉ែន នៅវេលាម៉ោង ១១និង៣០នាទីយប់ (ម៉ោងនៅកម្ពុជា) ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ វគ្គជម្រុះជុំទី២ ក្នុងពូល C នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក (FIFA WORLD CUP QATAR 2022)។
លោក Ryu Hirose បន្ថែមទៀតថា «យើងបានជ្រើសរើសកីឡាករថ្មី និងក្មេងមួយចំនួន សម្រាប់វគ្គជម្រុះនេះពីព្រោះគោលដៅផ្សេងទៀតរបស់យើងគឺ SEA GAMES។ យើងចង់ឱ្យពួកគេមានឱកាសលេង និងទទួលបទពិសោធន៍ដ៏មានតម្លៃ សម្រាប់ពួកគេនិងអនាគតនៃបាល់ទាត់កម្ពុជា។ យើងគិតថា ពូកគេមានសក្តានុពល ក្នុងការប្រយុទ្ធ បើប្រៀបធៀបជាមួយកីឡាករដែលមានបទពិសោធន៍មួយចំនួន។ ពួកគេមានទំនុកចិត្តខ្ពស់។ បារ៉ែនគឺជាក្រុមល្អទាក់ទងនឹងសមត្ថភាពរាងកាយ ប៉ុន្តែយើងមិនស្ទាក់ស្ទើរនឹងការប្រជែងជាមួយពួកគេទេ»។
ក្រៅពីជំនួបជាមួយម្ចាស់ផ្ទះ បារ៉ែន ក្រុមជម្រើជាតិកម្ពុជានឹងត្រូវបន្តជួប២ប្រកួតទៀត នៅទឹកដីបារ៉ែននេះដែរ គឺប៉ះជាមួយក្រុមជម្រើសជាតិអ៊ីរ៉ាក់ នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ និង១ប្រកួតចុងក្រោយត្រូវប៉ះជាមួយក្រុមជម្រើសជាតិ អ៊ីរ៉ង់ នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១។
សូមរំឭកថា កាលពីជំនួបជើងទី១ ក្នុងពូល C នេះបានធ្វើឡើងកាលពីឆ្នាំ២០១៩ ដោយក្រុមម្ចាស់ផ្ទះ ក្រុមកម្ពុជាបានប្រកួតចាញ់ក្រុមភ្ញៀវ បារ៉ែន ដោយលទ្ធផល ០ទល់១, ក្រុមម្ចាស់ផ្ទះ កម្ពុជា បានប្រកួតចាញ់ក្រុមភ្ញៀវ អ៊ីរ៉ាក់ ០ទល់៤ និងពេលជួបជាមួយក្រុមម្ចាស់ផ្ទះ អ៊ីរ៉ង់ គឺក្រុមភ្ញៀវ កម្ពុជាបានរហូតគ្រាប់បាល់រហូតដល់ ០ទល់១៤។ ក្រុមកម្ពុជាបានធ្លាក់ចេញពីវគ្គជម្រុះជុំទី២ នៅក្នុងពូលCនេះហើយ ដោយឆ្លងកាត់៥ប្រកួតកន្លងមក ស្មើ១ប្រកួត និងចាញ់៤ប្រកួត មាន១ពិន្ទុ ឈរនៅលេខ៥ ក្នុងចំណោម៥ក្រុម (អ៊ីរ៉ាក់ បារ៉ែន អ៊ីរ៉ង់ ហុងកុង កម្ពុជា)៕