អាជ្ញាធរជាតិអប្សរាទទួលវត្ថុបុរាណចំនួន៥ ពីបញ្ជាការដ្ឋានយោធភូមិភាគទី៤
វត្ថុបុរាណចំនួន៥ ដែលបញ្ជាការដ្ឋានយោធភូមិភាគទី៤ បានរកឃើញនាពេលកន្លងមក បានសម្រេចប្រគល់ជូនដល់អាជ្ញាធរជាតិអប្សរា ដើម្បីយកមកថែរក្សា និងអភិរក្សបន្តទៀត។
ពិធីប្រគល់ទទួលវត្ថុបុរាណទាំង៥ប្រភេទនេះ ត្រូវបានទទួលដោយផ្ទាល់ពីសំណាក់ ឯកឧត្តមហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងសហការី ក្នុងឱកាសអញ្ជើញចូលរួមពិធីប្រគល់និងដាំកូនឈើនាបញ្ជាការដ្ឋានយោធភូមិភាគទី៤ កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១។
វត្ថុបុរាណដែលអាជ្ញាធរជាតិអប្សរា បានទទួលក្នុងឱកាសនោះរួមមាន៖១.សសរពេជ្យមួយកំណាត់តូច ២.កំពូលប្រាសាទតាមជ្រុងនៃប្រាសាទធំ ៣.ឆ្នាំងថ្នាំមួយ ៤.ដុំហោជាងផ្នែកខាងលើ មានកំណាត់ព្រះសិររូបព្រះមួយផ្នែក និង៥.បង្គោលព្រះទិស មួយដុំ។
សូមជម្រាបជូនថា នេះមិនមែនជាលើកទី១ទេ ដែលអាជ្ញាធរជាតិអប្សរា បានទទួលវត្ថុបុរាណពីស្ថាប័នពាក់ព័ន្ធ និងបងប្អូនប្រជាពលរដ្ឋនានាដែលបានប្រទះឃើញនិងស្ម័គ្រប្រគល់ជូនអាជ្ញាធរជាតិអប្សរា ធ្វើការថែរក្សា និងអភិរក្ស ដើម្បីសម្រាប់កូនចៅជំនាន់ក្រោយបានឃើញ៕