នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តមហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរានិងសហការី បានអញ្ជើញចូលរួមពិធីប្រគល់និងដាំកូនឈើចម្រុះចំនួន១ម៉ីនដើម នៅទីបញ្ជាការយោធភូមិភាគទី៤។
ពិធីនេះប្រារព្វឡើងក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការដ្ឋានយោធភូមិភាគទី៤ ឯកឧត្តមហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ឯកឧត្តមពិន ប្រាកដ អភិបាលរងខេត្តសៀមរាប មេបញ្ជាការរង ខណ្ឌរដ្ឋបាលព្រៃឈើនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ តំណាងសហភាពសហព័ន្ធយុវជនកម្ពុជា ប្រធានចលនាយុវជន១៥៧ប្រចាំខេត្តសៀមរាប មន្ត្រីអាជ្ញាធរជាតិអប្សរា និងស្ថាប័នពាក់ព័ន្ធជាច្រើនទៀតចូលរួម។
ការដាំកូន ឈើចម្រុះ ប្រភេទបេង ធ្នង់ គ្រញូង និង នាងនួន លើផ្ទៃដី ទំហំ ជាង ២.៥ហិកតារនេះ ដើម្បីចូលរួមចំណែកក្នុងការថែរក្សា និងអភិរក្ស បរិស្ថានធម្មជាតិ ឱ្យកាន់តែមានភាពស្រស់បំព្រង នៅក្នុងបរិវេនយោធភូមិភាគទី៤ ជាពិសេសនៅក្នុងតំបន់រមណីដ្ឋានអង្គរទាំងមូល។
សូមជម្រាបជូនថា នេះជាឆ្នាំទីពីរហើយ ដែលអាជ្ញាធរជាតិអប្សរា សហការណ៍ជាមួយបញ្ជាការដ្ឋានយោធភូមិភាគទី៤ ដើម្បីដាំកូនឈើចម្រុះឡើងវិញ នៅបរិវេនទីបញ្ជាការដ្ឋានយោធភូមិភាគទី៤ ដែលលើកទី១បានដាំកាលពីអំឡុងខែឧសភា ឆ្នាំ២០២០ ចំនួនមួយម៉ីនដើម និងលើកទីពីរប្រារព្វឡើងក្នុងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១នេះចំនួនមួយម៉ីនដើម៕