វេលារំលង រាប់ឆ្នាំមកហើយ តារាចម្រៀង អភ័ព្ទពៅ បញ្ញាពេជ្រ នៅតែមិនទាន់អាចកម្រើកជើង បាននៅឡើយ បើទោះជាប្រឹងត្រងត្រាប់ស្តាប់ ពេទ្យយ៉ាងណា។ ពៅ បញ្ញាពេជ្រ ពិតជាមានចិត្តធន់ មិនធម្មតាឡើយ នៅតែខិតខំ តស៊ូ តម្កល់ការតាំងចិត្ត យកឈ្នះភាពពិការ ដោយនៅតែរំពឹងថា ថ្ងៃណាមួយនាង នឹងអាចក្រោកដើរបាន ឃើញពន្លឺជាថ្មី។
ពៅ បញ្ញាពេជ្រ ធ្លាប់បានត្អូញត្អែរ ខ្លះដែរ នៅពេល ការសម្រាកព្យាបាលហាក់នៅមិនទាន់ហុចអ្វីដែល ជាផ្លែផ្កាល្អនៅឡើយ។ នាងនៅតែបន្ត អង្គុយលើរទេះរុញ រាប់សិបថ្ងៃ រហូតមាន ពេលខ្លះស្រែកសួរ ព្រហ្មលិខិតថា ពេលណានាងដើរបាន។ ដោយសារតែ មានកម្លាំងចិត្តទោះ ជាការព្យាបាលមិន មានតម្រុយ ឬ សញ្ញាល្អ ក៏បញ្ញាពេជ្រ នៅតែខំសមាធិ ចិត្តអោយស្ងប់ មិនតូចចិត្តនឹងវាសនា ខំព្យាបាល ហាត់ប្រាណតាមការបញ្ជា របស់ពេទ្យ។ ភាពអំណត់នេះហើយ ធ្វើអោយ ប្រិយមិត្តទស្សនិកជន មានការអាណិត ហើយបួងសួងនាង អោយ បានជាសម តាមចិត្តប្រាថ្នាផងចុះ។ អ្វីដែលគេចង់សួរ ទៅខ្មាន់កាំភ្លើង ដែលដាច់ចិត្តបាញ់នាង ហើយពេលនេះឃើញសភាព នាងបែបនេះ ក្នុងចិត្ត អាណិតដែរអត់ទេ។ ពិសេសមានគិតថាខ្លាចបាបកម្មវិញដែរអត់។
ទោះពិការ ពៅ បញ្ញាពេជ្រ បានតស៊ូ លក់របស់របរផលិតផលតាម អន ឡាញ ដើម្បីបានប្រាក់គ្រាន់ ព្យាបាលខ្លួនដោយមិនដឹងថា នាងបន្តការចំណាយ ក្នុងទ្រង់ទ្រាយបែបណាទៀត។នាងបានជួយខ្លួនឯងច្រើន ខំរកសុីតាមអន ឡាញខណៈ ការផ្តល់ជំនួយ ក៏ស្ងប់យូរ មានតែរកវិធីដែលអាចដោះដូរបាន។