សៀមរាប៖ បារាយណ៍ជ័យតាដាកហៅបារាយណ៍ខាងជើងត្រូវបានអាជ្ញាធរជាតិអប្សរា លើកតម្លៃ និងបន្តតួនាទីដើមរបស់ខ្លួនឡើងវិញតាមរយៈការជួសជុលប្រព័ន្ធបង្ហូរទឹកបុរាណឡើងវិញហើយអាងទឹកទាំងប្រាំនៃប្រាសាទនាគព័ន្ធអាចរក្សាទឹកបានខួបប្រាំងខួបវស្សាកាលពីឆ្នាំ២០០៧ កន្លង ។ កិច្ចការនេះត្រូវបានចាប់ផ្តើមបន្ទាប់ពីអ្នកជំនាញទឹក នៃអាជ្ញាធរជាតិអប្សរា បានរកឃើញប្រព័ន្ធបង្ហូរទឹកបុរាណកាលពីឆ្នាំ ២០០៥ ។
ការជួសជុល និងរៀបចំឡើងវិញនេះ ធ្វើឱ្យបារាយណ៍មានទេសភាព នាដើមរដូវវស្សា ដែលភ្លៀងចាប់ផ្តើម ធ្លាក់មក រុក្ខជាតិជុំវិញចាប់ផ្តើមបញ្ចេញពណ៌បៃតងខៀវខ្ចីដ៏ស្រស់បំព្រងគួរជាទីគយគន់ដែលអាច អន្ទងអារម្មណ៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឲ្យជក់ចិត្តដិតអារម្មណ៍ជានិច្ច នៅពេលដែលបានទៅទស្សនាប្រាសាទនាគព័ន្ធនេះម្តងៗ ។
បើតាមឯកសារមួយចំនួនបានបញ្ជាក់ថា បារាយណ៍ជ័យតាដាក ឫហៅថាបារាយណ៍ខាងជើង ស្ថាបនាឡើងក្នុងរាជ្យព្រះបាទ ជ័យវរ្ម័នទី៧ អស់រយៈកាលជិតមួយពាន់ឆ្នាំមកហើយ និងមានបណ្តោយ៣៦០០ ម ទទឹង៩៣០ ម ។ បច្ចុប្បន្នបារាយណ៍ នេះកំពុងដើរតួយ៉ាងសំខាន់ដើម្បីទ្រទ្រង់កិច្ចការ អភិរក្សក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ ៕