ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ នឹងបន្តអនុវត្តវិធានការតឹងរ៉ឺងក្នុងរយៈពេល១សប្តាហ៍ទៀតនេះចំពោះបំរាមគោចរ និងអ្នកដែលលួចចេញពីតំបន់លឿងទុំ ដែលអាជ្ញាធរបានបិទខ្ទប់ឡើយ ដោយអ្នករត់ចេញត្រូវឃាត់ខ្លួន ផាកពិន័យ និងទទួលទោសទណ្ឌ ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងក្នុងកិច្ចប្រជុំតាមរយៈ video conferenceនៅថ្ងៃយប់ថ្ងៃ១៩ឧសភាម្សិលម៉ិញថា ១សប្តាហ៍ទៀតគឺចាប់ពីថ្ងៃ២០ ដល់២៧ឧសភាខាងមុខ ដែលយើងត្រូវអនុវត្តនេះ ជាទឹកចុងក្រោយហើយអាជ្ញាធរ កម្លាំងមានសមត្ថកិច្ចត្រូវតែម៉ឹងម៉ាត់ បើយើងគ្រប់គ្រងមិនបាន វានឹងវិលមករក ចំណុចដើមវិញ នោះគឺចប់ហើយ។ ចំពោះវិធានការបន្ត គឺត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់ចំពោះបំរាមគោចរ ត្រូវឃាត់យានយន្ត ដែលធ្វើចរាចរណ៍ល្មើស ចាប់ពី៨យប់ដល់ម៉ោង៣ភ្លឺ ទាំងអស់មករក្សាទុក និងធ្វើការផាកពិន័យ ដោយមិនមានការអប់រំទៀតទេ។
លោកអភិបាលរាធានីភ្នំពេញ បានបញ្ជាក់ទៀតថា តើយើងអាចបើកផ្សាររដ្ឋទាំង២៥ឡើងវិញ ម្តេចនឹងកើតទៅ បើបងប្អូនប្រជាពលរដ្ឋរបស់យើងមួយចំនួនមិនបានអនុវត្តឱ្យបានខ្ជាប់ខ្ជួន ទៅតាមការណែនាំរបស់អាជ្ញាធរ និងក្រសួងសុខាភិបាលផងហ្នឹង។ ដូច្នេះយើងគ្មានមធ្យោបាយដើម្បីនឹងបើកផ្សាររដ្ឋទាំង ២៥នេះ ឱ្យដំណើរការឡើងវិញនោះទេ ក្នុង១សប្តាហ៍ទៀតនេះ ៕