កូរ៉េ៖ បន្ទាប់ពីទទួលដំណឹងថាលោក J.Yoon ដែលគេស្គាល់ថាជាសមាជិកក្រុមចម្រៀង Rock «M.C the Max» លេចធ្លោរប្រចាំប្រទេសកូរ៉េនោះ ត្រូវបានរាយការណ៍មកថា បានស្លាប់ក្នុងគេហដ្ឋានរបស់លោក ខណៈបច្ចុប្បន្នគេមិនទាន់ដឹងមូលហេតុ នៃការស្លាប់របស់លោកឡើយ បានធ្វើឲ្យថ្មីៗហ្វែនដែលជាអ្នកគាំទ្ររូបលោកផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ។ នេះបើយោងតាមសារព័ត៌មាន South China Morning Post ដែលបានចេញផ្សាយថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១នេះ ។
ពាក់ព័ន្ធនឹងការស្លាប់តារារូបនេះ ត្រូវបានផលិតកម្ម 325 E&C ដែលជាក្រុមការងារ បានឲ្យដឹងថា ដោយសារពួកគេបានទំនាក់ទំនងទៅតារាប្រុសរូបនេះ និងគ្មានការឆ្លើយតប ទើបរាយការណ៍ទៅប៉ូលីសទីក្រុងសេអ៊ូលភ្លាមៗ នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ ។ ភ្លាមៗនោះក្រុមការងារបានចេញសេចក្តីប្រកាសជាផ្លូវការ ទៅកាន់សមាជិកក្រុម និងអ្នកគាំទ្រ នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ។ បើទោះបីយ៉ាងណាក្តីជុំវិញករណីស្លាប់របស់តារាចម្រៀងកូរ៉េរូបនេះ ប៉ូលីសនៅមិនទាន់អាចកំណត់មូលហេតុនៅឡើយទេ ។
សូមជម្រាបថា តារាចម្រៀងវ័យ៣៩ឆ្នាំ J.Yoon បានចូលក្នុងក្រុមចម្រៀង Rock «M.C the Max» តាំងពីឆ្នាំ២០០០មកម្ល៉េះ ។ ក្រុមចម្រៀងនេះបានវិវត្តន៍ទៅជាក្រុមបុរសដ៏មានឥទ្ធិពល ខណៈបទចម្រៀងរបស់ក្រុមនេះ កាន់តែល្បីល្បាញ តាមរយៈការយកទៅចាក់ក្នុងភាពយន្តកូរ៉េក្នុងនោះមានរឿង It’s Okay រឿង That ’s Love និងរឿង Descendants of the sun ជាដើម ៕