ខេត្តកែប៖ លោកសោម ពិសិដ្ឋ អភិបាលខេត្តកែបបានឲ្យដឹងថា រូបចម្លាក់ដែលមានសារព័ត៌មានចុះថា បាត់នៅខេត្តកែបនោះ គឺមិនបានបាត់ទៅណានោះទេ ពេលនេះកំពុងរក្សាទុកក្នុងសារមន្ទីរខេត្ត ហើយដែលថា រូបចម្លាក់នេះតម្លៃជាង៤០ម៉ឺនដុល្លារនោះ គ្រាន់តែជាការបំប៉ោងព័ត៌មានតែប៉ុណ្ណោះ។
លោកបានបញ្ជាក់ថា ដោយមានការភ្ញាក់រលឹកពីសំណាក់ប្រជានេសាទ ក្រោយរើសបានរូបចម្លាក់នេះពីក្នុងសមុទ្រ ពួកគាត់បានយកមកប្រគល់ជូនអាជ្ញាធរដើម្បីថែរក្សាទុក។ ក្រោយពីទទួលបានពីបងប្អូនប្រជាពលរដ្ឋ លោកបានយករូបចម្លាក់នេះ ទៅរក្សាទុកក្នុងសារមន្ទីរខេត្ត។
លោកឲ្យដឹងទៀតថា៖ «ចំពោះការបំប៉ោងព័ត៌មានថារូបចម្លាក់នេះមានតម្លៃប៉ុណ្ណេះប៉ុណ្ណោះ ជារឿងរបស់អ្នកថា តាមពិតរូបចម្លាក់នេះ យើងមិនទាន់ស្គាល់ថាជារូបអ្វីឲ្យពិតប្រាកដជាវត្ថុបុរាណ ឬក៏មិនមែន ឬធ្វើពីអ្វីឲ្យពិតប្រាកដនោះទេ ហើយក៏មិនដឹងថា មានតម្លៃថ្លៃប៉ុណ្ណានោះដែរ ដោយរង់ចាំមន្ទីរជំនាញដើម្បីធ្វើការពិនិត្យ និងវាយតម្លៃឲ្យពិតប្រាកដ»៕