ភ្នំពេញ៖ ក្រុមហ៊ុន SoftBank Corp របស់ជប៉ុនបានប្រកាសថា ខ្លួននឹងបង្កើតសម្ព័ន្ធភាពធុរកិច្ចជាមួយក្រុមហ៊ុន Axiata Digital Advertising Sdn (ADA) មានមូលដ្ឋាននៅទីក្រុងគូឡាឡាំពួ ដើម្បីផ្តល់ជូននូវដំណោះស្រាយទីផ្សារឌីជីថល នៅក្នុងប្រទេសអាស៊ីចំនួន៩ រួមមាន៖ កម្ពុជា ម៉ាឡេស៊ី សិង្ហបុរី ឥណ្ឌូនេស៊ី ថៃ ហ្វីលីពីន ស្រីលង្កា បង់ក្លាដែស និងកូរ៉េខាងត្បូង។ កិច្ចព្រមព្រៀងនេះបានបង្ហាញថា ក្រុមហ៊ុន SoftBank នឹងវិនិយោគទឹកប្រាក់ប្រមាណ៦០លានដុល្លារអាមេរិក ក្នុងការទិញយកភាគហ៊ុនជាង ២៣% នៅក្នុងក្រុមហ៊ុន ADA។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនSoftBank នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១។
តាមរយៈភាពជាដៃគូវិនិយោគនេះ ក្រុមហ៊ុន SoftBank នឹងប្រើប្រាស់រចនាសម្ព័ន្ធជំនួយដល់ការលក់ និងអតិថិជនរបស់ ADA ក៏ដូចជាទិន្នន័យ និងជំនាញអាជីវកម្មAI ដើម្បីពន្លឿនអាជីវកម្ម ទីផ្សារឌីជីថលរបស់ខ្លួននៅទូទាំងទ្វីបអាស៊ី។ ក្រុមហ៊ុន SoftBank ក៏នឹងធ្វើការជាមួយ ADA ដើម្បីបង្កើតការរួមបញ្ចូលគ្នា ជាមួយនឹងដំណោះស្រាយផ្ទាល់ខ្លួន និងដំណោះស្រាយដែលផ្តល់ដោយក្រុមហ៊ុនក្រុមរបស់ខ្លួន។
បន្ថែមលើសេវាកម្មផ្សេងៗ ក្រុមហ៊ុន SoftBank ផ្តល់ជូននូវវេទិកាអតិថិជនទិន្នន័យ “Treasure Data CDP” និងក្រុមហ៊ុនក្រុម LINE Corporation ផ្តល់ជូននូវសេវាកម្មជាច្រើនប្រភេទដល់សហគ្រាសផ្សេង។ ក្នុងភាពជាដៃគូជាមួយ ADA ក្រុមហ៊ុន SoftBank នឹងស្នើ និងផ្តល់ដំណោះស្រាយ ដែលរួមបញ្ចូលដំណោះស្រាយ និងវិធីសាស្ត្ររបស់ក្រុមហ៊ុននៅអាស៊ី ដើម្បីគាំទ្រដល់សកម្មភាពធ្វើទីផ្សារតាមប្រព័ន្ធឌីជីថល។
ភាពខ្លាំងរបស់ ADA គឺបច្ចេកវិទ្យា AI ដែលមានទិនន្ន័អ្នកប្រើប្រាស់ចំនួន៣៧៥លាននាក់របស់ខ្លន នៅទូទាំងតំបន់។ ក្រុមហ៊ុនប្រើប្រាស់ទិន្នន័យដ៏ស៊ីជម្រៅនេះ ដើម្បីជួយអាជីវកម្ម និងម៉ាកល្បីៗ រៀបចំយុទ្ធសាស្ត្រទីផ្សារឌីជីថល និងគាំទ្រដល់ការប្រតិបត្តិ ហើយថែមទាំងផ្តល់ការប្រឹក្សាយោបល់ ក្នុងការប្រើប្រាស់ទិន្នន័យរបស់ភាគីទី។
ក្រុមហ៊ុន SoftBank គឺស្ថិតនៅក្រោមឆ័ត្ររបស់ក្រុមហ៊ុន SoftBank Group Corp ដែលជាក្រុមហ៊ុនពហុជាតិរបស់ជប៉ុន ដែលមានទីស្នាក់ការធំនៅមីណាតូ ទីក្រុងតូក្យូ។ ក្រុមហ៊ុន SoftBank មានភាគហ៊ុននៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យា ថាមពល និងក្រុមហ៊ុនហិរញ្ញវត្ថុជាច្រើន។ ក្រុមហ៊ុនក៏ដំណើរការមូលនិធិ Vision Fund ដែលជាមូលនិធិមូលធនបច្ចេកវិទ្យាធំបំផុតរបស់ពិភពលោក ដោយមានដើមទុនជាង១០០ពាន់លានដុល្លារ។ចំណែកឯក្រុមហ៊ុន ADA គឺផ្នែកមួយ នៃក្រុមហ៊ុនក្រុមមេ Axiata Group របស់ម៉ាឡេស៊ី ដែលជាប្រតិបត្តិករទូរគមនាគមន៍ដ៏ធំមួយនៅអាស៊ី៕