មណ្ឌលគិរីៈ ក្រុមការងារ ស្រាវជ្រាវ សត្វព្រៃ នៃ អង្គការ WCS សហការ ជាមួយ សហគមន៍ មូលដ្ឋាន បាន ចុះ បំពេញការងារ ទីវាល នៅតាម តំបន់ សំខាន់ៗ មួយចំនួន ស្ថិតក្នុង ដែនជម្រកសត្វព្រៃ កែវ សីមា ខេត្តមណ្ឌលគិរី ដើម្បី ស្វែង រកមើល អន្ទាក់ ដែល ពួក ព្រាន បានដាក់ ខុសច្បាប់ ដើម្បី ចាប់ សត្វព្រៃ និង ស្រាវជ្រាវ បន្ថែម អំពី វត្ត មាននៃ ប្រភេទ សត្វព្រៃ ដែលមាន ដោយ កម្រ និង ជិត ផុត ពូជ ។ នេះ បើតាម អង្គការ WCS បានឱ្យដឹង តាម របាយការណ៍ របស់ខ្លួន ក្នុង រយៈពេល ១ សប្តាហ៍ ចុងក្រោយ ក្នុងព្រៃ នៃ ខេត្តមណ្ឌលគិរី ។
ប្រភពពី អង្គការ WCS បាន បញ្ជាក់ថា ក្រុមការងារ បាន ចំណាយពេល ចំនួន មួយ សប្តាហ៍ ដើរ រុករក តាម តំបន់ គោលដៅ សំខាន់ៗ និង ដោះ បាន អន្ទាក់ ចំនួន ៣១ អន្ទាក់ ដែល អន្ទាក់ ទាំងនេះ គឺជា កត្តា គំរាមកំហែង ដ៏ ធំ មួយ រួមចំណែក ក្នុងការ សម្លាប់ សត្វព្រៃ គ្រប់ ប្រភេទ នៅក្នុង ប្រទេស កម្ពុជា ក្នុង រយៈពេល កន្លងមក ។
ក្រុមការងារ ក៏បាន ត្រឡប់ ទៅកាន់ ទីតាំង ចាស់ ដែល ពួកគេ បានដាក់ បង្កប់ ម៉ាស៊ីន ថត សត្វព្រៃ ស្វ័យ ប្រវត្តិ ចំនួន ១០ គ្រឿង កាលពី ខែមីនា កន្លងទៅ ដើម្បី តាមដាន វត្តមាន នៃ ប្រភេទ សត្វព្រៃ ដែលមាន ដោយ កម្រ និង ជិត ផុត ពូជ បំផុត និង បាន ដោះយក ម៉ាស៊ីន ថត ទាំងនោះ ចំនួន ៨ គ្រឿង ត្រឡប់មក ការិយាល័យ វិញ ដើម្បី ទាញយក ទិន្នន័យ ។
មាន ប្រភេទ សត្វព្រៃ សំខាន់ៗ មួយចំនួន ត្រូវ ថត បាន ដោយ ម៉ាស៊ីន ថត សត្វព្រៃ ស្វ័យប្រវត្តិ ក្នុងកំឡុងពេល ពី ខែមីនា ដល់ ចុងខែ មេសា កន្លងទៅ ។ ប្រភេទ សត្វព្រៃ សំខាន់ៗ ទាំងនោះ រួមមាន ៖ ប្រើស ខ្ទីង ស្វា ត្រោស ឈ្លូស ជ្រូកព្រៃ កាំប្រមា ក្ងោក ស្វាអង្គត់ ស្តេច កូ លី ត និង ស្កា ធំ៕