ខេត្តមណ្ឌលគិរី ៖ កំណាត់ផ្លូវជាតិលេខ៧៦A ដែលរងការខូចខាតជាងបួនគីឡូម៉ែត្រ ត្រូវបានអាជ្ញាធរខេត្ត ធ្វើការជួសជុលឡើងវិញ ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋធ្វើដំណើរ ការដឹកជញ្ជូនកសិផល និងទំនិញផ្សេងៗ សម្រាប់បម្រើសេចក្តីត្រូវការក្នុងខេត្តមណ្ឌលគិរី។
ការចុះបើកការដ្ឋានជួសជុលកំណាត់ផ្លូវជាតិនេះ ធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ដោយមានការចូលរួមពីសំណាក់លោក ញ៉ន សិទ្ធ អភិបាលរងខេត្ត លោកមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរស្រុក ដែលប្រព្រឹត្តទៅនារសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១។
តាមការបញ្ជាក់របស់លោក រស់ គីមធន ប្រធានមន្ទីរសារធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី បានឲ្យដឹងថា ការបើកការដ្ឋានជួសជុលនេះមានប្រវែង ៤.៣៨០ម៉ែត្រ នៅចន្លោះគីឡូម៉ែត្រលេខ ៦៧+៥០០ ដល់ ៧១+៨៨០ ហើយការជួសជុលផ្លូវនេះ ជាថវិកាគម្រោងប្រចាំឆ្នាំការងារថែទាំឆ្នាំ២០២១ ដោយសារផ្លូវមានការខូចខាតធ្ងន់ធ្ងរ ទើបមន្ទីរសម្រេចជួសជុលឡើងវិញ១០០% ព្រោះស្ថានភាពផ្លូវចាស់ មានសភាពប៉ោងស្រុតរមួល ដែលមិនអាចថែទាំប្រចាំបានទេ៕