ភ្នំពេញ៖ បន្ទាប់ពីមានការរិះគន់ថាកម្ពុជានៅតែបន្តនាំចូលបន្លែពីក្រៅប្រទេស ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានបញ្ជាក់មូលហេតុដែលកម្ពុជា នៅបន្តនាំចូលបន្លែពីក្រៅប្រទេស ដោយសារផលិតបន្លែមិនទាន់គ្រប់គ្រាន់តាមតម្រូវការ ហើយបន្លែមួយចំនួនកម្ពុជាមិនទាន់អាចផលិតបាន។
តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្មនៅថ្ងៃទី២ មេសានេះ បានឱ្យដឹងថា តម្រូវការបន្លែក្នុងស្រុកប្រចាំឆ្នាំ មានប្រមាណ១លានតោន ប៉ុន្តែការផលិតនិងការផ្គត់ផ្គង់ក្នុងស្រុកបានប្រមាណ៧៥ម៉ឺនតោនប៉ុណ្ណោះ ពោលគឺ កម្ពុជាអាចផ្គត់ផ្គង់បានប្រមាណ៧៥% ប៉ុណ្ណោះ ហើយរដូវខ្លះផលិតបានទាបជាងនេះ ដែលតម្រូវឱ្យមានការនាំចូលបន្លែពីក្រៅប្រទេសមកផ្គត់ផ្គង់ក្នុងស្រុក។
ទោះជាយ៉ាងណា កម្ពុជាមិនមែននាំបន្លែគ្រប់មុខនោះទេ ពោលគឺនាំចូលប្រភេទបន្លែតំបន់ត្រជាក់មួយចំនួនដែលពិបាកដាំនៅកម្ពុជា និងនៅរដូវវស្សាដែលមិនមានលក្ខណៈអំណោយផលសម្រាប់ផលិតកម្ម។
ក្រសួងបន្ថែមថា បច្ចុប្បន្ននេះ កម្ពុជាមិនមែនខ្វះផលិតផលបន្លែក្នុងស្រុកទេ កសិករកំពុងប្រមូលផល ប៉ុន្តែលំបាកដឹកមកលក់នៅភ្នំពេញ បានដោយសារវិធានការបិទខ្ទប់ ដែលធ្វើឱ្យផ្សារចំនួនដូចជា ផ្សារអ៊ីអន ផ្សារភូមិកសិកម្មធម្មជាតិ និងហាងផ្សាខ្មែរបន្លែធម្មជាតិ ដែលលក់បន្លែគ្មានជាតិគីមី ពុំមានបន្លែលក់គ្រប់គ្រាន់ ដោយសារការបិទផ្លូវ ពិបាកដឹកយកមកភ្នំពេញ។
កន្លងមក ក្រសួងបានខិតខំចងក្រងសហគមន៍កសិកម្ម ដើម្បីងាយស្រួលក្នុងការផ្តល់បច្ចេកទេសឥណទាន និងភ្ជាប់ទីផ្សារផលិតផលតាមរយៈការធ្វើផលិតកម្មកិច្ចសន្យា និងបណ្តុះបណ្តាល ផ្សព្វផ្សាយបច្ចេកទេសកសិកម្មទំនើបដល់កសិកររាប់ម៉ឺននាក់ជារៀងរាល់ឆ្នាំ ដើម្បីធ្វើឱ្យការផលិតបន្លែកាន់តែកើនឡើង និងមានគុណភាព។
ការលើកឡើងរបស់ក្រសួងកសិកម្មនេះ ធ្វើឡើងបន្ទាប់ លោក សោម ឆាយ៉ា បានបង្ហោះផ្សព្វផ្សាយតាមបណ្តាសង្គម ដោយបានបញ្ចេញទស្សនៈទៅលើប្រធានបទ «ហេតុអ្វីនៅតែនាំចូលបន្លែពីក្រៅប្រទេស» ដែលក្រសួងយល់ថា ជាទស្សនៈដែលបញ្ចេញ ដោយមិនបានដឹងពីស្ថានភាពជាក់់ស្តែងរបស់ប្រជាកសិករ ព្រមទាំងប្រៀបធៀបជាមួយប្រទេសអ៊ីស្រាអែលទៀតផង៕