ភ្នំពេញ៖ ឯកឧត្តមសៀង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានស្នើដល់ម្ចាស់ផ្សារទំនើបទាំងអស់ ចូលរួមសហការជាមួយក្រសួងពាណិជ្ជកម្ម ក្នុងការដាក់លក់ទំនិញរបស់ខ្លួនក្នុងវេបសាយរបស់ក្រសួងពាណិជ្ជកម្ម ឬសហការ ដឹកជញ្ជូនទំនិញជូនប្រជាពលរដ្ឋដែលស្ថិតនៅក្នុងតំបន់បិទខ្ទប់ និងតំបន់ក្រហម ដើម្បីរួមចំណែកដល់ការផ្គត់ផ្គង់ទំនិញក្នុងតំបន់បិទខ្ចប់ និងរក្សាតម្លៃទំនិញកុំឱ្យឡើងថ្លៃ។
ការស្នើនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំអនឡាញតាមប្រព័ន្ធ ZOOM ជាមួយតំណាងបណ្ដាផ្សារទំនើបនានា ដើម្បីជួយសម្របសម្រួលរកដំណោះស្រាយ និងផលវិបាកក្នុងការធ្វើអាជីវកម្មក្នុងកំឡុងពេលបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ។
ជាមួយគ្នានោះ ឯកឧត្តម បានថ្លែងអំណរគុណដល់ម្ចាស់ផ្សារទំនើបទាំងអស់ដែលកន្លងមកបានរក្សារស្ថេរភាពថ្លៃទំនិញបានល្អ ទោះបីស្ថិតក្នុងគ្រាលំបាកយ៉ាងណាក៏ដោយ។
ភាគីតំណាងផ្សារទំនើបបានសំណូមពរដល់ក្រសួងពាណិជ្ជកម្ម ជួយសម្របសម្រួលចំពោះបញ្ហាធំៗមួយចំនួន ដែលខ្លួនកំពុងតែប្រឈមមុខ ក្នុងនោះរួមមានការធ្វើដំណើររបស់បុគ្គលិកទៅ-មកដើម្បីបំពេញការងារ ការលំបាកក្នុងការដឹកជញ្ជូនទំនិញឆ្លងងពីខេត្តចូលមករាជធានីភ្នំពេញ និងការនាំចូលទំនិញពីក្រៅប្រទេស ដើម្បីផ្គត់ផ្គង់តម្រូវការនៅក្នុងស្រុក៕