ឆាណេលយូធូបរបស់ វណ្ណដា ដែលមានឈ្មោះថា “វណ្ណដា-Vannda Official” បានបង្កើតឡើងកាលពី៤ឆ្នាំមុន មកទល់នឹងពេលនេះ ចំនួនអ្នកចុចតាមដាន(Subscribe) មានចំនួន ២.០២លាននាក់ ដែលជាចំនួនចុចតាមដានច្រើនជាងគេបំផុត ក្នុងចំណោមឆាណែលតារាចម្រៀងក្នុងស្រុក។ ជាមួយនឹងឆាណែលមួយនេះ វណ្ណដា បានសាងសមិទ្ធផលធំបន្តបន្ទាប់។
សមិទ្ធផលនេះបានធ្វើឲ្យតារាចម្រៀងរ៉េបមកពីខេត្តព្រះសីហនុ ទប់មាត់មិនជាប់ថា លោករំភើបណាស់នាពេលនេះ។ យ៉ាងណាក៏ដោយ វណ្ណដា ថានេះមិនមែនជាលទ្ធផលរបស់លោកតែម្នាក់ឯងនោះទេ។ “ខ្ញុំអាចដើរដល់ចំណុចនេះជាមួយនិងអ្នកគាំទ្ររបស់ខ្ញុំ គឺពិតជាមិនមែនជារឿងលេងសើច និងងាយស្រួលឡើយ ខ្ញុំពិតជារំភើបពិបាករកអ្វីនិងនិយាយ…!។
សូមបញ្ជាក់ថា៖ កាលពីឆ្នាំ ២០២០ លោកបានផ្ទុះខ្លាំងជាមួយបណ្ដាបទក្នុងអាល់ប៊ុម “Skull” របស់លោកមានដូចជាបទ “Demon” “Move on” “J+O” និងបទ “Mama” ជាដើម។ មកដល់ ២០២១ លោកបានបើកទំព័រសករាជដ៏ល្អអស្ចារ្យជាមួយបទ “Time to Rise” ដែលជាការច្រៀងលើកដំបូងបំផុតជាមួយព្រឹទ្ធាចារ្យសិល្បករចម្រៀងចាប៉ីដងវែង គង់ ណៃ។ បទនេះមកទល់ថ្ងៃទី ១២ មេសា នេះ មានអ្នកចូលទស្សនាជាង ១៣លានដងហើយក្នុងរយៈពេលតែជាង១សប្ដាហ៍។
ចំណុចលេចធ្លោបំផុត បទចម្រៀងភាគច្រើនរបស់ វណ្ណដា ត្រូវបានជនជាតិបរទេសមិនថាអាស៊ី អាមេរិក អឺរ៉ុប អាហ្រ្វិក យកទៅធ្វើ Reaction ជាច្រើន ជាហេតុឲ្យលោកទាញបានមកវិញនូវល្បីល្បាញកាន់តែខ្លាំង ហើយឆាណែលយូធូបរបស់លោកខាងលើ ក៏មានអ្នកចុច Sub កើនឡើងលឿនដែរ ដែលដល់ពេលនេះជា ២លាន Sub ហើយ៕