ភ្នំពេញ៖ អ្នកនាងស្រីអូន ដែលគេស្គាល់ជាទូទៅថា ម្ចាស់ផលិតកម្មរាម ស្រីអូន ថ្មីៗនេះបានបង្ហាញអារម្មណ៍មិនពេញចិត្តនឹងមនុស្ស ដែលតែងតែរំខានដល់អ្នកមិនឲ្យទទួលបានូវក្តីសុខក្នុងជីវិត រហូតអ្នកនាងផ្សងដល់ជាតិក្រោយលែងចង់កើតជាមនុស្សទៀតផង ។
ដោយសារមួយរយៈចុងក្រោយនេះ ម្ចាស់ផលិតកម្មរាម ស្រីអូន បានជួបប្រទះនូវបញ្ហាជាច្រើនក្នុងជីវិត ទើបអ្នកនាងបានបង្ហោះសារមួយឃ្លា ថា «ពេលខ្ញុំស្លាប់ បំណងប្រាថ្នាតែមួយគត់គឺ ខ្ញុំសូមឲ្យសូន្យជាខ្យល់កុំឲ្យខ្ញុំកើតជាមនុស្សទៀត ។ ខ្ញុំស្អប់ជាតិជាមនុស្សណាស់ ច្រណែន ឈ្នានីស រុកគួន បំផ្លាញគេឯង ។ យើងចង់ សុខគេមិនឲ្យយើងសុខ តើអ្នកណាមិនឈឺ » ។
គ្រាន់តែឃើញសារមួយឃ្លានេះភ្លាម ធ្វើឲ្យមហាជនភ្ញាក់ផ្អើលជាខ្លាំង នៅក្នុង បណ្តាញសង្គមហ្វេសបុក ដោយមានអ្នកគាំទ្រជាច្រើន បានចូលបញ្ចេញបមតិលើ សារនេះ ។ មានអ្នកខ្លះបានខាំម៉ិនលើកទឹកចិត្ត និងអ្នកខ្លះទៀតឆ្ងល់មិនដឹងថា អ្នកណាធ្វើឲ្យអ្នកនាងខូចចិត្តយ៉ាងនេះ ។
សូមជម្រាបថា បើទោះបីយ៉ាងណាក្តី អ្នកនាងស្រីអូន ត្រូវបានមហាជន ស្រលាញ់ ចូលចិត្តជាច្រើន ពីព្រោះកន្លងមក អ្នកនាងតែងយកចិត្តទុកដាក់ជួយដល់អ្នក ក្រីក្រខ្វះខាត និងជួយដល់សង្គមជាតិជាដើម តាមរយៈសកម្មភាពមនុស្សធម៌ ៕