ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបដិសេធសំណើសុំចុះបញ្ជីពិសេសផ្ទាល់ខ្លួន កម្ពុជា 1979.I.7 ដោយសំអាងថា ស្លាកនេះស្រដៀងគ្នានឹងលេខដែលបានចុះបញ្ជីរួចរាល់ហើយ។
តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ចេញនៅថ្ងៃទី១២ ខែមេសានេះ បានបញ្ជាក់ថា គណៈកម្មការអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត បានពិនិត្យឃើញថា លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន “កម្ពុជា 1979.I.7” មានលក្ខណៈស្រដៀងនឹងលេខដែលធ្លាប់បានចុះបញ្ជីរួច ព្រមទាំងអាចធ្វើឱ្យងាយនឹងភ័ន្តច្រលំគ្នា ដែលអាចធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បង្កឱ្យមានការលំបាកដល់មន្រ្តីមានសមត្ថកិច្ចក្នុងការគ្រប់គ្រងទិន្នន័យយានយន្តក៏ដូចជាអនុវត្តនូវវិធានគ្រប់គ្រងសណ្តាប់ធ្នាប់សាធារណៈ និងបង្ក្រាបបទល្មើសនានាដែលពាក់ព័ន្ធនឹងយានយន្ត។
ការបដិសេធនេះ ធ្វើឡើងក្រោយពីឈ្មោះ កូវ ស្រ៊ុនឆាយ បានស្នើលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន “កម្ពុជា 1979.I.7” កាលពីដើមខែមេសា ឆ្នាំ២០២១នេះ។
សាធារណការ និងដឹកជញ្ជូន បានបន្តថា គណៈកម្មការអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត សម្រេចមិនអនុញ្ញាតផ្តល់ជូន និងធ្វើការបង្វែរទឹកប្រាក់គ្រប់ចំនួនជាង១២លានរៀល ទៅគណនីរបស់អ្នកស្នើសុំឈ្មោះ កូវ ស្រ៊ុនឆាយ វិញ៕