ខេត្ដព្រះវិហារ ៖ លោក វុធ សាវី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ កាលពីល្ងាចថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ បានដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្ត ចុះបង្ក្រាបទីតាំងវេរលុយ លួចលក់កន្ទុយលេខមួយកន្លែង ស្ថិតក្នុងភូមិហ្មសែត សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ និងធ្វើការឃាត់ខ្លួនមេឆ្នោត បញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់។
លោក វុធ សាវី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ បានឲ្យដឹងថា មេឆ្នោតខាងលើមានឈ្មោះ ចែ អូន នឹងប្តីឈ្មោះ ហ័ត មានទីលំនៅភូមិ/សង្កាត់ខាងលើ។
លោកថា ក្នុងពេលឃាត់ខ្លួន សមត្ថកិច្ចបានដកហូតវត្ថុតាងមួយចំនួនរួមមាន៖ម៉ាស៊ីនគិតលេខ ក្រដាស់កត់កន្ទុយលេខ សៀវភៅកត់លេខ នឹងវត្ថុតាងមួយចំនួនផងដែរ។
បច្ចុប្បន្នជនសង្ស័យមេឆ្នោតខាងលើ ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ចាត់ការទៅតាមនីតិវិធីច្បាប់៕