ភ្នំពេញ ៖ ក្នុងករណីនេះដែរឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្រ្ត ខេត្តកំពង់ស្ពឺ និងជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក៏បានសម្តែងប្រិកម្មចំពោះជនបរទេស ដែលកែរូបភាពនេះថា ៖ ” ខ្ញុំពិតជាមានការភ្ញាក់ផ្អើល និងសោកស្តាយយ៉ាងខ្លាំងដែលបានឃើញនូវការកែរូបថតជនរងគ្រោះនៅគុកទួលស្លែង (ស ២១) ដែលបង្ហាញយ៉ាងច្បាស់ថា បុគ្គលទាំងនោះ ជាពិសេសជនបរទេស ពិតជាមិនបានយល់ច្បាស់ពីសោកនាដកម្មដ៏សែនឈឺចាប់ និងខ្លោចផ្សារបំផុតរបស់ប្រជាជាតិកម្ពុជា ជាពិសេសគឺជនរងគ្រោះដែលបានឆ្លងកាត់នូវទារុណកម្ម និងការកាប់សម្លាប់នៅក្នុងគុកទួលស្លែង។ តើការកែរូបថតខាងលើនេះ បានគិតទៅដល់ការឈឺចាប់របស់ជនរងគ្រោះ និងសាច់ញាតិរបស់ពួកគាត់ដែរ ឬទេ? តើបានផ្តល់សេចក្តីថ្លៃថ្នូរដល់អ្នកបាត់បង់ជីវិតនៅទីនោះឬទេ? ឬគិត ដល់អារម្មណ៍របស់សាក្សីរស់ ដែលស្ទើរតែគេចមិនផុតពីនរកលោកិយ៍នៅ ស ២១ នោះឬទេ?”។
ឯកឧត្តម ហ៊ុន ម៉ានី បន្តថា ៖ កូនខ្មែរគ្រប់ជំនាន់ ត្រូវចង់ចាំ ផ្តល់ការគោរព និងការពារសេចក្តីថ្លៃថ្នូរដល់ជនរងគ្រោះដែលនៅរស់រានមានជីវិត និងវិញ្ញាណក្ខន្ធប្រជាពលរដ្ឋរាប់ម៉ឺននាក់ដែលបានបាត់បង់ជីវិត នៅ ស ២១ ដោយអយុត្តិធម៌បំផុត។ ក្នុងន័យនេះ រាល់ការកែច្នៃ ការលេងសើច ឬទង្វើណាមួយ របស់បុគ្គលគ្រប់រូប រួមទាំងជនបរទេសផង ត្រូវយល់ឲ្យបានច្បាស់ ថាអ្វីគួរធ្វើ និងអ្វីដែលមិនគួរធ្វើ ដោយត្រូវយល់ឲ្យច្បាស់ ពីការឈឺចាប់ របស់ក្រុមគ្រួសារជនរងគ្រោះដែលបានបាត់បង់ជីវិត និងសាក្សីរស់ដែលនៅរស់រានមានជីវិត ពីសោកនាដកម្ម ដ៏សាហាវ យង់ខ្នងនេះ។
ឯកឧត្តម ហ៊ុន ម៉ានី បញ្ជាក់បន្ថែមថា ៖ខ្ញុំសង្ឃឹមថា ករណីបែបនេះ ឬស្រដៀងគ្នានេះ នឹងមិនកើតឡើងជាថ្មីម្តងទៀតនោះទេ ទោះក្នុងទិដ្ឋភាពណាក៏ដោយ ដែលក្នុងនាមជាកូនខ្មែរ យើងមិនអាចទទួលយកបានជាដាច់ខាត។ លើស ពីនេះបុគ្គលដែលប្រមាថ ទោះក្នុងរូបភាពណា ក៏ដោយ ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តិឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ជាធរមាន៕