ខេត្តបន្ទាយមានជ័យ ៖ យុវតីម្នាក់ បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ក្រោយជួបគ្រោះថ្នាក់ រវាងរថយន្តធុនធំបុកម៉ូតូ លើផ្លូវជាតិលេខ៥៨(ផ្លូវក្រវ៉ាត់ព្រំដែន) ខាងត្បូងភូមិចំការគ ចម្ងាយ១,០០០ម៉ែត្រ ស្ថិតក្នុងភូមិចំការគ ឃុំស្វាយចេក ស្រុកស្វាយចេក កាលពីព្រឹក ថ្ងៃទី០៨ខែមេសា ឆ្នាំ២០២១។
ជនរងគ្រោះឈ្មោះថង លីស៊ីញ អាយុ១៦ ឆ្នាំមានទីនៅលំនៅភូមិចំការគ ឃុំស្វាយចេក ស្រុកស្វាយចេក បើកបរម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរី២០១៧ ពាក់ស្លាកលេខ1Q-4966 ប.មានជ័យ។
មន្ត្រីនគរបាលប្រាប់ថា៖ នៅមុនពេលកើតហេតុ ជនរងគ្រោះបានបើកម៉ូតូមានពាក់មួកសុវត្ថិភាព ក្នុងទិសដៅពីជើងទៅត្បូង ពេលបើកមកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតទៅបុករថយន្តធុនធំ ម៉ាកហ៊ីយ៉ាន់ដាយយីឌុប ផ្លូវ៥ ពណ៌ស ពាក់ស្លាកលេខតាកែវ 3A.1805 បានបើកក្នុងទិសដៅច្រាសទិសគ្នាពីត្បូងទៅជើង បើកបរដោយឈ្មោះ សំ វ៉ាន់សាយ ភេទប្រុសអាយុ២៥ឆ្នាំ នៅភូមិរំដួល ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ បណ្តាលឲ្យម៉ូតូដាច់ជាពីរកំណាត់និងអ្នកបើកម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង។
នគរបាលបានបញ្ជាក់ទៀតថា៖ក្នុងករណីកើតមានគ្រោះថ្នាក់ចរាចរណ៍នេះ មកពីអ្នកបើកម៉ូតូមិនប្រកាន់ស្តាំ។
កម្លាំងនគរបាលស្រុកស្វាយចេក និងកម្លាំងនគរបាលស្រុកថ្មពួកសហការ ចាប់ឃាត់បានរថយន្តនិងអ្នកបើកបរនៅខាងកើតរង្វង់មូលបឹងត្រកួន ក្នុងភូមិសាស្ត្រ ឃុំគោករមៀត ស្រុកថ្មពួក ព្រមទាំងបានប្រគល់អ្នកបើកបរនិងរថយន្តឲ្យនគរបាលស្រុកស្វាយចេក ដើម្បីរៀបចំសំណុំរឿង តាមនីតិវិធញច្បាប់។ ចំណែកសពក្មេងស្រីរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕