ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ប្រធានកិត្តិយសគណៈកម្មាធិការជាតិ ជំរុញចលនាភូមិមួយផលិតផលមួយ បានចេញសារលិខិត អបអរសាទរទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩ មេសា លើកទី៤ ឆ្នាំ២០២១ ក្រោមប្រធានបទ រួមគ្នាទិញនិងប្រើប្រាស់ផលិតផលខ្មែរ គឺរួមគ្នាលើកកម្ពស់កិត្យានុភាពជាតិ។
ក្នុងសារលិខិតរបស់សម្តេចនាយករដ្ឋមន្រ្តីបានថ្លែងថា ក្នុងឱកាសជំងឺរាតត្បាតកូវី១៩ គឺត្រូវពង្រឹង និងពង្រីកផលិតផលក្នុងស្រុក ទាំងវិស័យកសិកម្ម និងកសិឧស្សាហកម្ម និងសេវាកម្ម ហើយការប្រារព្ធទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរលើកទី៤នេះ គឺជាការទូងស្គរដាស់ស្មារតីបងប្អូនប្រជាពលរដ្ឋគ្រប់រូប នាំគ្នាលើកកម្ពស់ ការប្រើប្រាស់ផលិតផលខ្មែរ។ សម្តេចបានជំរុញឱ្យគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ក្រសួងពាណិជ្ជកម្ម និងក្រសួងពាក់ព័ន្ធត្រូវបន្តកិច្ចសហការ និងសម្របសម្រួលជាមួយគ្នាឱ្យបានរលូនបន្តទៀតដើម្បីលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ការយល់ដឹងឱ្យបានទូលំទូលាយពីគុណភាពនៃផលិតផលខ្មែរ ដោយនាំគ្នាផ្តល់ជំនាញនានាដល់ផលិតករលើដំណើរការខ្សែចង្វាក់ផលិតកម្ម ការពង្រឹងគុណភាព សុវត្ថិភាពផលិតផល ការកែច្នៃ និងការវេចខ្ចប់ ។ ជាមួយគ្នានេះ ត្រូវសហការជាមួយវិស័យឯកជន រៀបចំទីផ្សារបច្ចេកវិទ្យាអនឡាញ ជួយផលិតផលខ្មែរក្នុងការលក់ និងដាក់បង្ហាញក្នុងព្រឹត្តិការណ៍ពិព័រណ៍ផលិតផលនានាទាំងក្នុង និងក្រៅប្រទេស និងតាមស្ថានតំណាងប្រទេសកម្ពុជានៅបរទេស៕