ភ្នំពេញ ៖ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឱ្យដឹងថា ចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២១នេះ ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស បានថយចុះ១៥៣លើក បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅដែលមាន៩១៦ករណី។
បើតាមរបាយការណ៍សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរផ្លូវគោក បានបញ្ជាក់ថា ក្នុងរយៈពេលខែនេះ គ្រោះថ្នាក់ចរាចរណ៍កើតឡើងទូទាំងប្រទេសសរុប៧៦៣លើក ដោយមានអ្នកស្លាប់ចំនួន៤៣៣ និងអ្នករងរបួស១.១១៣នាក់។ ចំនួនអ្នកស្លាប់ បានថយចុះ៦០នាក់ ខណៈឆ្នាំមុន មានអ្នកស្លាប់៤៩៣នាក់។ ចំណែកអ្នករងរបួសវិញ បានថយចុះ២០២នាក់ ដោយមានអ្នករងបួស១.៣១៥នាក់។ ទោះជាបែបនេះក្តី សម្តេចក្រឡាហោម បានណែនាំដល់សមត្ថកិច្ចគ្រប់ថ្នាក់បន្តបំពេញភារកិច្ចក្នុងការរក្សាសុវត្ថិភាពចរាចរណ៍ជូនពលរដ្ឋ និងអំពាវនាវដល់ពលរដ្ឋបង្កើនការប្រុងប្រយ័ត្នគ្រប់ពេល ប្រកាន់ខ្ជាប់នូវសា្មរតីបើកបរដោយគោរពច្បាប់ចរាចរណ៍។
យោងតាមប្រព័ន្ធព័ត៌មានជនរងគ្រោះ និងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅកម្ពុជាបានបង្ហាញថា គ្រោះថ្នាក់ចរាចរណ៍តែងតែកើតឡើងដោយសារការបើកបរហួសល្បឿនកំណត់ ការបើកបរមិនគោរពសិទ្ធិអាទិភាពនៅលើដងផ្លូវនិងការជែងក្នុងស្ថានភាពគ្រោះថ្នាក់ បើកបរប្រើប្រាស់ទូរស័ព្ទដៃ ប្រើប្រាស់គ្រឿងស្រវឹងក្នុងពេលបើកបរ ជាដើម៕