ភ្នំពេញ ៖ ដើម្បីឱ្យប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាសាធារណជនទូទៅ អាចទទួលបាន ការផ្សព្វផ្សាយប្រកបដោយគុណភាព ច្បាស់ល្អ និងលឿនរហ័ស ក្រសួងព័ត៌មាន កំពុងតែខិតខំជំរុញ ការផ្លាស់ប្ដូរប្រព័ន្ធផ្សព្វផ្សាយ ពីអាន់ណាឡូកទៅឌីជីថល វិញ នៅឆ្នាំ២០២៣។
លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មាន បានអៅយដឹងថា សម្រាប់ការផ្លាស់ប្ដូរប្រព័ន្ធផ្សព្វផ្សាយពីអាន់ណាឡូក ទៅឌីជីថលរបស់ព្រះរាជាណាចក្រកម្ពុជា នៅក្នុងឆ្នាំ២០២៣នោះ មកដល់ពេលនេះ ក្រសួងព័ត៌មានកំពុងតែខិតខំក្នុងការធ្វើកិច្ចការនេះ ជាមួយនឹងក្រសួងស្ថាប័នពាក់ព័ន្ធ នៅក្នុងការកសាងឯកសារគតិយុត្តិនានា ក៏ដូចជាឯកសារថ្នាលឌីជីថលផងដែរ ដើម្បីត្រៀមលក្ខណៈនៅក្នុងការផ្លាស់ប្ដូរ ប្រព័ន្ធផ្សព្វផ្សាយ ប្រកបដោយប្រសិទ្ធភាព។ «ប្រព័ន្ធផ្សព្វផ្សាយតាមបែបឌីជីថលនេះ វានឹងផ្ដល់សារប្រយោជន៍យ៉ាងសំខាន់សម្រាប់ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាសាធារណជនទូទៅ នៅក្នុងការទទួលបានព័ត៌មានកាន់តែសម្បូរបែប កាន់តែឆាប់រហ័ស និងទាន់ពេលវេលាពីការផ្សព្វផ្សាយតាមប្រព័ន្ធឌីជីថលនេះផងដែរ។ ហើយប្រព័ន្ធឌីជីថលនេះ គឺវានឹងផ្ដល់នូវភាពងាយស្រួលសម្រាប់ប្រជាពលរដ្ឋក្នុងការតាមដានព័ត៌មាន ក៏ដូចជាទទួលបានព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយ ពីព្រោះប្រព័ន្ធឌីជីថលគឺផ្ដល់ទាំងរូបភាព ផ្ដល់ទាំងសំឡេងកាន់តែមានគុណភាព។ហើយបន្ថែមពីនេះការផ្សព្វផ្សាយតាមប្រព័ន្ធឌីជីថលនេះអនុញ្ញាតឱ្យប្រជាពលរដ្ឋទូទៅអាចទទួលបានព័ត៌មាន គ្រប់ពេលវេលាគ្រប់ទីកន្លែង»៕