ខេត្តព្រះសីហនុ ៖ សន្តិសុខផ្សារមជ្ឈមណ្ឌលពាណិជ្ជកម្ម (ផ្សាចិន) អូរ១ក្រុងព្រះសីហនុ បំផ្លាញពងទារបស់ពលរដ្ឋ កើតឡើងដោយសារសន្តិសុខ មជ្ឈមណ្ឌលពាណិជ្ជកម្មក្រុងព្រះសីហនុរូបនោះ បានទារថ្លៃភាស៊ីលើសសៀវភៅបន្ទុក ឯកឧត្តម គួច ចំរើន អភិបាលខេត្តបានសំរេចក្នុងកិច្ចប្រជុំបន្ទាន់មួយ ជាមួយមន្ត្រីនិងអង្គភាពកងកម្លាំងមានសមត្ថកិច្ច កាលពីរសៀលថ្ងៃ២១មីនា២០២១ ដូចខាងក្រោម៖
👉សម្រេចដាក់ពិន័យរដ្ឋបាល ដោយបានណែនាំដល់ប្រធានមជ្ឈមណ្ឌលពាណិជ្ជកម្ម ក្រុងព្រះសីហនុ មិនត្រូវបន្តការប្រើប្រាស់បុគ្គលរូបនេះបន្តទៀតទេ គឺត្រូវបញ្ចប់ការងារ ពីភ្នាក់ងារទារភាស៊ី ឬសន្តិសុខ ចាប់ពីពេលនេះតទៅ។
👉ជាមួយគ្នានេះដែរ ដើម្បីជាការប៉ះប៉ូវជំងឺចិត្តដល់អាជីវករដែលរងគ្រោះ ឯកឧត្តមអភិបាលខេត្ត បានសម្រេចឱ្យប្រធានគ្រប់គ្រងមជ្ឈមណ្ឌលពាណិជ្ជកម្មក្រុងព្រះសីហនុ លើកលែងការយកប្រាក់ភាស៊ីលើអាជីវកម្មរបស់គាត់ពេលមួយឆ្នាំពេញ។
ជាចុងក្រោយ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់អភិបាលក្រុង ស្រុក និងអ្នកគ្រប់គ្រងផ្សារ ត្រូវអនុវត្តតាមសារាចរលេខ១១សរ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦ របស់រាជរដ្ឋាភិបាល ដោយត្រូវយកចិត្តទុកដាក់ ជាប្រចាំ ដល់ជីវភាព របស់ប្រជាពលរដ្ឋ ដើម្បីកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងកែលម្អសេវាសាធារណៈជូនប្រជាពលរដ្ឋដោយលុបការបង់ភាស៊ី និងការបង់ថ្លៃផ្សេងៗទៀត ចំពោះការលក់ដូររបស់ប្រជាពលរដ្ឋតាមកញ្ច្រែង កញ្ជើ ល្អី និងត្រូវលើកស្លាកតារាងតម្លៃការបង់ថ្លៃភាស៊ីនៅតាមទីផ្សារទូទាំងខេត្តព្រះសីហនុ៕