ខេត្តព្រះសីហនុ ៖ បើតាមរបាយការណ៏របស់ មន្ទីរបរិស្ថាន បានបញ្ជាក់ថា រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ខណៈពេលដែលកំលាំងការពារ និង មន្ត្រីឧទ្យានុរក្ស កំពុងជាប់ដៃក្នុងការការពាររោគរាតត្បាត ជំងឺកូវិ៥-១៩ក្រុម ឆ្លៀតឱកាសតែងតែបានលបលួចចូលកាប់ទន្ទ្រានព្រៃអាកាស្យាក្នុងតំបន់ក្បាលឆាយជាបន្តបន្ទាប់ជាក់ស្តែង នៅ ចំនុចចំការម្រេចជាប់គន្លងបង្គោលខ្សែរភ្លើងអគ្គីសនីថ្មី ស្ថិតនៅភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ត្រង់និយាមកា (344839-1181875)។
ដើមអាកាស្សា និងព្រៃធម្មជាតិជាច្រើនហិកតាត្រូវបានជនឆ្លៀតឪកាសលួច ចូលមកកាប់រំលំ ជាពិសេសសកម្មភាពតែងតែធ្វើឡើងនៅពេលយប់។ជាវិធានការបង្ក្រាបបទល្មើសនេះ កម្លាំង មន្ត្រីឧទ្យានុរក្សយើងបានចាំឃ្លាំមើលសកម្មភាពតាំងពីម៉ោង ០៦ល្ងាច ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ រហូតដល់ ម៉ោង០៣ និង ៤០នាទីទៀបភ្លឺ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ កម្លាំងមន្ត្រីបានឮសូសម្លេងគោយន្តចូលមក។
ក្រោយពីបានមកដល់ទីតាំងដូចរៀបរាប់ខាងលើជនសង្ស័យបានចាប់ផ្តើមធ្វើសកម្មភាពអារផ្តួលរំលំដើមអាកាស្សាដោយប្រើរណាយន្តចំនួន០២គ្រឿង។
ក្រោយពេលជនសង្ស័យបានធ្វើសកម្មភាពភ្លាមកម្លាំងមន្ត្រីឧទ្យានុរក្សយើងក៏បានចេញមកធ្វើការឃាត់ខ្លួនតែម្តងដែលមានជនសង្ស័យចំនួន០៣នាក់ភេទប្រុសរួមជាមួយនឹងគោយន្តចំនួន២គ្រឿងនិងរណាយន្តចំនួន០២គ្រឿង។
ដោយអនុវត្តច្បាប់ស្តីពីតំបន់ការពារធម្មជាតិនិងដោយមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញាមន្ត្រីឧទ្យានុរក្សយើងបានធ្វើការនាំខ្លួនបុរសទាំង៣នាក់រួមជាមួយនឹងវត្ថុតាងដូចមានរៀបរាប់ខាងលើទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុដើម្បីធ្វើការសាកសួរតាមនីតិវិធីច្បាប់ដើម្បីកសាហសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុផ្តន្ទាទោសតាមផ្លូវច្បាប់។
ជាមួយគ្នានេះមន្រ្តីបរិស្ថានខេត្តព្រះសីហនុក៏បានធ្វើការបញ្ជាក់ផងដែរថាតំបន់ក្បាលឆាយនេះក្រោយពី រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ ១១៦ អនក្រ.បក ចុះថ្ងៃទី ០៥ ខែ មិថុនា ឆ្នាំ ២០១៦ ស្តីពីការកែសម្រួល
មាត្រា១នៃអនុក្រឹត្យលេខ៧៨អនក្រ.បកចុះថ្ងៃទី០៩ខែឧសភាឆ្នាំ២០១៦ស្តីពីការបង្កើតតំបន់ប្រើប្រាស់ច្រើនយ៉ាង
ព្រែកទឹកសាបក្បាលឆាយមក ស្ថានភាពនៃសកម្មភាពបទល្មើស កាប់ឆ្ការព្រៃ ក្រៀវដើមឈើ ដាំដំណាំ សង់ខ្ទម និងបោះបង្គោលរបងហ៊ុមព័ទ្ធកាន់កាប់យកដីធ្វើជាកម្មសិទ្ធដោយខុសច្បាប់ក្នុងតំបន់ការពារត្រូវបានសមត្ថកិច្ចបរិស្ថានយើងចុះអនុវត្តវិធានការទប់ស្កាត់ជាបន្តបន្ទាប់។ក្នុងពេលថ្មីៗនេះសកម្មភាពនៃការចូលទន្ទ្រានកាន់កាប់ដីរដ្ឋមានការកំរើកឡើងគួរអោយកត់សម្គាល់ជាពិសេសនៅចំណុចភូមិសាស្ត្រក្បែរគន្លងផ្លូវល្បឿនលឿននិងគន្លងបង្គោលខ្សែភ្លើងក្នុងតំបន់ការពារព្រែកទឹកសាបក្បាលឆាយតែម្តង៕